Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដោយសារភ្លើងប្រច័ណ្ឌ! មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ គំរាមបាញ់សម្លាប់សង្សារចោល, នាងរត់មកប្តឹងសមត្ថកិច្ចឲ្យជួយ

02-05-2017 11:59

(ភ្នំពេញ)៖ នារីម្នាក់បានរងការគំរាមកំហែងបាញ់សម្លាប់ចោល ពីសំណាក់សង្សារជាមន្រ្តីអាវុធហត្ថ ពាក់ស័ក្កិ៤របស់់នាង បន្ទាប់ពីពួកគេទាំងពីរនាក់ បានឈ្លោះប្រកែកគ្នា ដោយសារភ្លើងប្រច័ណ្ឌ។ នាងរងគ្រោះដែលរងការគំរាមបាញ់សម្លាប់ពីសង្សារនេះ បានរត់មកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍។

នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះថា នារីរងគ្រោះឈ្មោះ ដាលី វ័យជាង៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះនៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកបុរសដែលជាសង្សារឈ្មោះ បាន សំអេង ពាក់ស័ក្កិ៤ បម្រើការងារនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានមុខរបរមួយទៀត លក់គ្រឿងសង្ហារឹម។

នារីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា រូបនាង និងជនសង្ស័យបានស្រឡាញ់ទាក់ទងគ្នារយៈពេល២ឆ្នាំ ហើយដោយបុរសជាសង្សារ តែងតែប្រច័ណ្ឌរករឿង និងវាយធ្វើបាននាង និងតែងតែឈ្លោះ ប្រកែកគ្នាដល់ថ្នាក់ជេរគ្នាទៅវិញទៅមក លែងប្រើពាក្យផ្អែមដូចពីមុនទៀតឡើយ។ ការឈ្លោះគ្នានេះ រហូតមន្ត្រីអាវុធហត្ថជាសង្សារ គំរាមយកកាំភ្លើងបាញ់សម្លាប់រូបនាងចោលថែមទៀត និងចាំនៅមុខផ្ទះ បើហ៊ានតែចូលផ្ទះដឹងតែបាញ់សម្លាប់ចោលតែម្តង។

បន្ទាប់ពីនាងបានឮពាក្យគំរាមដូច្នេះ នាង និងមិត្តភក្តិបាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ និងនិយាយពីដំណើររឿងទាំងនេះរួចមក សមត្ថកិច្ចបានណែរនាំឲ្យទៅដាក់ពាក្យបណ្តឹងនៅឯខាងកងរាជអាវុធហត្ថវិញ។

យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនអាចសុំការបកស្រាយពីមន្រ្តីអាវុធហត្ថរូបនេះ​ បាននៅឡើយទេ៕