(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រឡង «សម្រស់ឯកវាយនភណ្ឌប្រចាំឆ្នាំ២០១៧» ដែលបានរៀបចំឡើងអស់រយៈពេល ជាច្រើនខែកន្លងមក បានរកឃើញបេក្ខជន-បេក្ខនារីទទួលបានជយលាភីហើយ នារាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ខណៈដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ មានការអញ្ជើញចូលរួមជាកិត្តិយសដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC), លោកអគ្គនាយករងទូរទស្សន៍បាយ័ន និងស្ថានីយទូរទស្សន៍ ETV អង្គការសហជីព ដៃគូពាក់ព័ន្ធ ព្រមទាំងគណៈកម្មកាដាក់ពិន្ទុ មកតំណាងឲ្យស្ថាប័ននានា និងមហាជនជាច្រើននាក់។
ថ្លែងនាឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ បានបញ្ជាក់ឲ្យដឹងថា លោកសូមចូលរួមអបអរសារទរ និងមានមោទនភាពខ្ពស់ ចំពោះក្មួយៗ ជាបេក្ខជន និងបេក្ខនារី ដែលបានឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួត «សម្រស់ឯកវាយនភ័ណ្ឌ ប្រចាំឆ្នាំ២០១៧»។ ទោះបីទទួលបានជ័យលាភី និងមិនទទួលបានជ័យលាភីក្តី តែក្មួយៗត្រូវមានមោទនភាព លើខ្លួនឯង ព្រោះក្មួយៗមានភាពក្លាហាន ក្នុងការបញ្ចេញទេពកោសល្យ និងចំណេះដឹងដែលខ្លួន មានលើវេទិការដ៏ធំប្រចាំឆ្នាំ ជាពិសេសក្មួយៗ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយសិទ្ធិ និងផលប្រយោជន៍របស់កម្មករ និយោជិតក្នុងវិស័យនេះ ដោយបានចូលរួមបំផុសឲ្យកម្មករនិយោជិត របស់យើងបានស្គាល់តម្លៃ នៃការងាររបស់ខ្លួន កាន់តែស្រឡាញ់ការងារខ្លួន សំដៅបង្កើនផលិតភាពការងារ និងទំនាក់ទំនងកាន់តែល្អ ជាមួយថៅកែ និងគោរពច្បាប់ស្តីពីការងារ ទាំងអស់គ្នា។
លោករដ្ឋមន្រ្តី បានបន្តទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំកម្មវិធី «សម្រស់ឯកវាយនភណ្ឌនេះ» នៅឆ្នាំក្រោយៗទៀត ហើយលោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថាក្មួយៗ នឹងបន្តចូលរួម និងគាំទ្រកម្មវិធីនេះឲ្យកាន់តែ មានភាពអធិក អធមថែមទៀត។ លោកថ្លែងអំណគុណយ៉ាងជ្រាល ជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំកម្មវិធីនេះទាំងអស់រួមមាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថានីយទូរទស្សន៍ ETV អង្គការសហជីព និងដៃគូពាក់ព័ន្ធនានា រួមទាំងក្មួយៗកម្មករ កម្មការិនីទាំងអស់ ដែលបានសហការរៀបចំ និងចូលរួម ធ្វើឲ្យកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ព្រមជាមួយបរិយាកាសសប្បាយរីករាយ នាឱកាសអបអរសាទរខួអនុស្សាវរីយ៍ លើកទី១៣១ ទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៧នេះ។
លោកបណ្ឌិត អ៊ិត សំហេង សូមសម្តែងនូវការអបអរសាទរ ចំពោះបេក្ខជន បេក្ខនារី ដែលបានទទួលជ័យលាភី ក្នុងការប្រឡង «សម្រស់ឯកវាយនភណ្ឌឆ្នាំប្រចាំ២០១៧» ដើម្បីអបអរសាទរខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ១ឧសភា នេះផងដែរ។
សូមបញ្ជាក់ថា បេក្ខជន និងបេក្ខនារី ដែលទទួលបានជយលាភី មានឈ្មោះដូចខាងក្រោមនេះ សម្រាប់បេក្ខនារី៖
-លេខ១ កញ្ញា ប៉ូ ស្រីញ៉ុល ពាក់ស្លាកលេខ ៣ ធ្វើការនៅរោងចក្រ Yi Da Manufacturer ខេត្តកណ្តាល។
-លេខ២ កញ្ញា អ៊ឹង មិក ពាក់ស្លាកលេខ ១០ ធ្វើការនៅរោងចក្រ ហុងដូ ខេត្តព្រះសីហនុ។
-លេខ៣ កញ្ញា ឆាយ សុនេត្រា ពាក់ស្លាកលេខ ១២ ធ្វើការនៅរោងចក្រហ៊ីរ៉ូតា ខេត្តកំពង់ស្ពី។
-ផ្នែកញញឹមស្រស់ កញ្ញា ទៀន សុនីតា ពាក់ស្លាកលេខ ៩ ធ្វើការនៅរោងចក្រ Man-OU ខេត្តព្រះសីហនុ។
-ផ្នែកទំនាក់ទំនងល្អ កញ្ញា ព្រំ ស៊ីសុវត្ថា ពាក់ស្លាកលេខ ១១ ធ្វើការនៅរោងចក្រ ឌី ខេ អ៊ីន ខេត្តស្វាយរៀង។
សម្រាប់បេក្ខជន៖
-លេខ១ លោក ឃួន ពិសី ពាក់ស្លាកលេខ ៣ ធ្វើការនៅរោងចក្រ អូជីតិច ហាតា ខេត្តព្រះសីហនុ។
-លេខ២ លោក អឿន មីដា ពាក់ស្លាកលេខ ៧ ធ្វើការនៅរោងចក្រ MAX VIEW TEXTILES រាជធានីភ្នំពេញ។
-លេខ៣ លោក លី ណាគីម ពាក់ស្លាកលេខ ១២ ធ្វើការនៅរោងចក្រ YEIJER ខេត្តស្វាយរៀង។
-ផ្នែកញញឹមស្រស់ លោក ឈឹម សុវណ្ណគង្គា ពាក់ស្លាកលេខ ១១ ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។
-ផ្នែកទំនាក់ទំនងល្អ លោក ម៉ាល់ ម៉េងលី ពាក់ស្លាកលេខ ៥ ធ្វើការនៅរោងចក្រ HEIKO ASIA រាជធានីភ្នំពេញ៕