(ក្រចេះ)៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើស ធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៌ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តក្រចេះ និងនាយអាវុធហត្ថជាច្រើនរូបទៀត។
លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានលើកឡើងពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ការបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោក សាន្ត ប៊ុនថាន បានថ្លែងថា «ក្រុមការងារក៏បានទប់ស្កាត់ចំពោះទីតាំងប្រភពនាំឈើចេញ ដែលបានឆ្លងកាត់ខេត្តក្រចេះ បានជោគជ័យផងដែរ»។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការស្នងការដ្នានបច្ចេកទេស សន្តិសុខ បានលើកឡើងពីលទ្ធផលការងារក្រោមការដឹកនាំ ដោយលោក សាន្ត ប៊ុនថាន ដែលទទួលបានលទ្ធផលការងារវិជ្ជមាន ប្រកបដោយស្មារតីទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បង្ការបង្ក្រាបបទល្មើស ដ៏ដូចជា ការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បានបញ្ជាក់ថា «ទន្ទឹមនិងការងាររីកចម្រើននេះ យើងក៏ត្រូវបន្តអនុវត្តយន្តការលើវិធានការណ៍ ការងារស្រាវជ្រាវ ប្រមូលរាល់សភាពការណ៍ក្នុងសង្គម លើបញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ និងសន្តិសុខសង្គម ពិសេសយកចិត្តទុកដាក់បង្កើត ក្រុមការងារតាមដានលទ្ធភាព ការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម»។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានថ្លែងថា ការលើកឡើងពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ដូចជា បញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ និងសន្តិសុខសង្គមដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង គឺមានសារសំខាន់ណាស់សម្រាប់ការងារអង្គភាព ដូច្នេះកងកម្លាំងត្រូវបំពេញការងារតាមភារកិច្ច តួនាទី ធ្វើយ៉ាងណាឲ្យ ស៊ីសង្វាក់គ្នាប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីផ្ទៃក្នុងឲ្យរលូន។ ក្រៅពីការងារខាងលើលោកឧត្តមសេនីយ៍ឯក ហុង វិណុល បានជម្រុញឲ្យយកចិត្តទុកដាក់លើ បញ្ហាបង្ក្រាបបទល្មើសធនធានធម្មជាតិ និងតាមដានពីលទ្ធផលការងារបង្ក្រាបនេះឲ្យបានជាប្រចាំ៕