(ភ្នំពេញ)៖ មុខសញ្ញាជាមេក្លោង ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅពេលរាត្រី ត្រូវបានកម្លាំងនគរបាល បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរហូតបង្ក្រាប និងឃាត់បាន២នាក់ នៅក្នុងទឹកដីខណ្ឌ៧មករា ហើយក្រោយមកក៏ បន្តបង្ក្រាបបាន ជនស្ស័យ២នាក់ នៅខណ្ឌឫស្សីកែវ រួមទាំងដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់ ក្នុងនោះមាន៦កញ្ចប់ធំ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងពីរគោលដៅផ្សេងគ្នា តាំងពីយប់រំលងអាធ្រាត្រ បន្តរហូតមកដល់វេលាម៉ោង៧៖៤០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ជួលលេខ៣ ផ្លូវរថភ្លើងស្ថិតក្នុងក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ និងមួយចំណុចទៀតនៅបន្ទប់ជួលលេខ៦៣ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា មុនឈានទៅឡោមព័ទ្ធបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀននេះបាន ខណៈដែលជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅពេលរាត្រីនៅក្នុងបន្ទប់ជួលលេខ៣ លើផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ហើយក៏ត្រូវបានកម្លាំងនគរបាល ឆ្មក់ទៅបង្ក្រាបបានភ្លាមៗចំនួន២នាក់ និងដកហូតបានថ្នាំញៀន៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ រួមជាមួយឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ កម្លាំងនគរបាលបានបន្តសកម្មភាព យកចម្លើយរហូតមានតម្រុយខ្លះៗ ក៏បន្តស្រាវជ្រាវ និងអាចឈានដល់បើកកិច្ចប្រតិបត្តិការជាលើកទី២ ដើម្បីឡោមព័ទ្ធបង្ក្រាបស្ត្រីជាមេក្លោងជួញដូរ និងប្រើប្រាស់គ្រឿងញៀនបន្ថែម២នាក់ទៀត និងរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ ក្នុងនោះមាន៦កញ្ចប់ធំបន្ថែមទៀត។
មន្ត្រីនគរបាលដដែលបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ ប៉ែន ចាន់ណែត ភេទប្រុស អាយុ២៦ឆ្នាំ «ជាអ្នកជួញដូរ» ទី២-ឈ្មោះ ប៉ែន សុខដុំ ភេទប្រុស អាយុ២២ឆ្នាំ «ជាអ្នកប្រើប្រាស់» ជនសង្ស័យទាំង២នាក់ ស្នាក់នៅក្នុងក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ទី៣-ឈ្មោះ ព្រុំ សុភាព ភេទស្រី អាយុ៣៥ឆ្នាំ «ជាមេក្លោងជួញដូរគ្រឿងញៀន» ស្នាក់នៅបន្ទប់ជួលលេខ៦៣ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ទី៤-ឈ្មោះ ចិន ធីលឿង ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ក្រោយបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនស្រីប្រុសទាំង៤នាក់ រួមជាមួយវត្ថុតាងដែលដកហូតបានពីសកម្មភាព ត្រូវនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕