(ត្បូងឃ្មុំ)៖ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីកាំកុងត្រូលប្រចាំ នៅច្រកទ្វារព្រំដែនដូនរ័ត្ន និងចាន់មូលដឹកនាំដោយលោក ឈិនលីម សាវុធ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បន្តចុះត្រួតពិនិត្យ បន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាម។
មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារទាំង២នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យទំនិញ នៅតាមមាត់ច្រកព្រំដែន នៅតែបន្តសកម្មភាពឥតឈប់ឈរ សំដៅ បង្ការ ទប់ស្កាត់ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា នូវទំនិញនាំចូលខូចគុណភាព គ្មានសុវត្ថិភាព និងក្លែងបន្លំ មុននឹងចរាចរចែកចាយ នៅលើទីផ្សារប្រទេសកម្ពុជា ស្របតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន កាំកុងត្រូល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវ ផ្នែកសុវត្ថិភាពចំណីអាហារ កិច្ចការការពារអ្នកប្រើប្រាស់ និង ការប្រកួតប្រជែងដោយស្មោះត្រង់។
លោក ឈិន លឹមសាវុធ បានឲ្យដឹងថា កាលពីពេលកន្លងទៅ សាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ រួមទាំងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល បានធ្វើតេស្ត រកឃើញបន្លែផ្លែឈើមួយចំនួន មានដូចជា៖ ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជាដើម ដែលមានផ្ទុកនូវកាកសំណល់កសិកម្ម ដែលជាសារធាតុគីមីហាមឃាត់ ហេតុដូចនេះ រាល់ការនាំចូលនូវបន្លែផ្លែឈើទាំងនោះ ត្រូវមានលិខិតបញ្ជាក់គុណភាព ទើបអាចនាំចូលបាន បើគ្មានទេនោះនឹងធ្វើការណែនាំ និងបន្ទាប់មកធ្វើការដកហូត។
ជាក់ស្តែងនៅព្រឹកថ្ងៃនេះ ឈ្មួញវៀតណាម បានបន្តនាំចូលបន្លែផ្លែឈើ ចូលតាមច្រកទ្វារព្រំដែនទាំង២ ក្នុងនោះ ខ្ទឹមក្រហមចំនួន៥ថង់ ស្មើនឹង៥០គីឡូក្រាម និងស្លឹកខ្ទឹមចំនួន ៨ថង់ ស្មើនឹង៤០គីឡូក្រាម ដែលគ្មានលិខិតបញ្ជាក់គុណភាព ពីប្រទេសវៀតណាម ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋ ជាអ្នកបរិភោគ មន្ត្រីកាំកុងត្រូលប្រចាំច្រក បានដកហូតភ្លាមៗ និងធ្វើការណែនាំ ដល់ឈ្មួញទាំងអស់ រាល់ការនាំចូល ត្រូវតែមានលិខិតធានាគុណភាព ទើបអនុញ្ញាត៕