(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានផ្តល់កិត្តិយសអញ្ជើញ ជួបសំណេះសំណាលជាមួយ ភ្នាក់ងារគណបក្ស ក្រុមសង្កេតការណ៍ ក្រុមឃោសនិកគណបក្សឃុំ ក្រុមចលនាបោះឆ្នោត ក្រុមការងារយុវជនគណបក្ស និងក្រុមអ្នកច្បាប់ថ្នាក់ឃុំ ក្នុងគោលបំណងដើម្បីពួកគាត់មានឱកាស បានស្វែងយល់ថែមមួយកម្រិតទ៉ៀតអំពីច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ ពាក់ព័ន្ធនឹងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ។
មានមតិក្នុងឱកាសនោះ លោកតំណាងរាស្ត្របានថ្លែងនូវការកោតសសើរ អំណរអរគុណ និងការដឹងគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សនៅមូលដ្ឋានដែលជានិច្ចកាល តែងតែផ្តល់ការទុកចិត្ត និងការគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជន ជាពិសេសការចូលរួមសាមគ្គីគ្នា ជាធ្លុងមួយគឺជាកម្លាំងចលករដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លូតលាស់យ៉ាងឆាប់រហ័ស ប្រកបដោយសុខសន្តិភាព សេរីភាព និងស្ថេរភាពដូចសព្វថ្ងៃនេះ។
លោកតំណាងរាស្រ្ត ក៏បានណែនាំក្រើនរំលឹកដល់រដ្ឋបាលនៅមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ បន្តធ្វើអំពើល្អផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាអ្វីឡើយ។
ជាចុងក្រោយ អ្នកតំណាងរាស្ត្រ បានណែនាំឱ្យសមាជិកចូលរួមទាំងអស់ខិតខំយកចិត្តទុកដាក់ស្វែងយល់ គោរព និងអនុវត្តនូវរាល់ច្បាប់រដ្ឋទាំងឡាយ ជាពិសេសច្បាប់ និងសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីមានមូលដ្ឋានយល់ដឹងកាន់តែរឹងមាំទូលំទូលាយ ក្នុងការអនុវត្តទទួលបាន លទ្ធផលប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានោះ ត្រូវចែករំលែកចំណេះដឹងដែលមានទៅប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីរួមគ្នាគោរព អនុវត្តន៍ ក្នុងគោលបំណងឱ្យការបោះឆ្នោតរបស់ជាតិយើងជាការបោះឆ្នោតមួយប្រកបដោយ សុខសន្តិភាព សេរីភាព យុត្តិធម៌ តម្លាភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមជាតិ៕