(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា បានណែនាំឲ្យប្រជាពលរដ្ឋប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន តាមមធ្យោបាយណាក៏បាន បើមានបញ្ហាណាមួយកើតឡើង ដើម្បីរួមគ្នាធ្វើការសម្របសម្រួល និងដោះស្រាយភ្លាមៗ ហើយត្រូវជឿជាក់មកលើរដ្ឋអំណាចមូលដ្ឋាន ដាច់ខាតកុំជឿការឃោសនាអូសទាញរបស់បុគ្គលមួយចំនួន ដែលបានត្រឹមតែសន្យា តែគ្មានកសាងបានអ្វីសោះ គិតតែកេងចំណេញនយោបាយ។
ថ្នាក់ដឹកនាំទាំងពីរថ្លែងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអាវឯកសណ្ឋានជូនក្រុមគ្រួសារម៉ូតូឌុបទាំង ៩១៩នាក់ មកពី ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ នៅបរិវេណស្ថានីយ៍វិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ១០ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង សង្កាត់។
លោក ម៉ៅ ធនិន ថ្លែងយ៉ាងដូច្នេះថា «បើមានករណីកើតឡើង សូមរាយការណ៍ ឬទូរស័ព្ទមកខ្ញុំ ដែលជាមេមហាគ្រួសារជាបន្ទាន់ ដើម្បីរួមគ្នាធ្វើការសម្របសម្រួល និងដោះស្រាយភ្លាមៗ ហើយត្រូវមានជំនឿជឿជាក់មកលើរដ្ឋអំណាចមូលដ្ឋានសូមកុំជឿទៅការការឃោសនា អូសទាញរបស់បុគ្គលមួយចំនួន ដែលបានត្រឹមតែសន្យា គ្មានកសាងបានអ្វីសោះ គិតតែកេងចំណេញនយោបាយ»។
លោកបានដាស់តឿនឲ្យប្រជាពលរដ្ឋគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងបានសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋាននានា ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះ ឲ្យបានគង់វង់យូរអង្វែងដល់កូនចៅជំនាន់ក្រោយៗទៀត។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា នេះគឺជាលើកទី៥ហើយ ចាប់តាំងលោក ម៉ៅ ធនិន បានមកកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ ដែលបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារអ្នករត់ម៉ូតូឌុបទាំង ៩១៩នាក់នេះ ក្នុងក្រុងពោធិ៍សាត់។ លោកបានចងក្រង និងចូលជាសមាជិក ក្នុងមហាគ្រួសារប្រជាពលរដ្ឋទាំង៧សង្កាត់ មានគ្រូបង្រៀន ប្រជាការពារ និវត្តជន កម្មករ-កម្មការនី និងគ្រួសារអាជីវករ ដែលលោកធ្វើជាមេគ្រួសារ ងាយស្រួលក្នុងការដឹកនាំ គ្រប់គ្រង ដោះស្រាយរាល់បញ្ហាដែលប្រឈមនានា។
ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋដែលមានមុខរបររត់ម៉ូតូឌុប គឺសុទ្ធតែជាធនធានមនុស្សដ៏មានសារៈសំខាន់ ព្រោះថាអ្នកទាំងនោះ ធ្វើដំណើរគ្រប់ច្រកល្ហករាល់ថ្ងៃ អាចដឹងព័ត៌មានក្នុងមូលដ្ឋានច្រើន ជាពិសេសការងារសន្តិសុខ និងការងារអភិវឌ្ឍ ថាតើមានបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីផ្តល់ដំណឹងជូនឲ្យថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ បានដឹង និងចុះទៅដោះស្រាយឲ្យបានទាន់ពេលវេលា។
ថ្វីត្បិតតែនៅទូទាំងប្រទេស មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងណាក៏ដោយក៏អាជ្ញាធរនៅតែពង្រឹង សំដៅធ្វើយ៉ាងណាឲ្យមូលដ្ឋាន ទទួលបានភាពកក់ក្តៅ ភាពសុខសាន្ត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាបន្តបន្ទាប់។
លោក កែវ រតនៈ បានថ្លែងថា «គ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្ត ឃើញថាជីវភាពរបស់បងប្អូន មានការធូរធាបានមួយកម្រិតក៏ពិតមែន ប៉ុន្តែការរកទទួលទានត្រូវរកជាប្រចាំថ្ងៃ ដោយមិនអាចខ្វះចន្លោះបានឡើយ បើមិនដូច្នេះទេ ពិតជាជួបការលំបាកខ្វះខាតជាក់ជាមិនខាន»។
នៅក្នុងពិធីសំណេះសំណាលនោះ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ បានចែកជូនអំណោយដល់ក្រុមគ្រួសារម៉ូតូឌុបទាំង ៩១៩នាក់ ក្នុងម្នាក់ៗទទួលបានអាវឯកសណ្ឋានម៉ូតូឌុប១ សារុង១ និងថ្នាំពេទ្យមួយចំនួន ដោយឡែកជនដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ប្រមាណ២០០នាក់ ត្រូវបានលោក ម៉ៅ ធនិន ឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាមផងដែរ៕