(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ី ដែលកំពុងរត់គេចចេញពីសំណាញ់ច្បាប់រឿងបន្លំខ្លួន ចូលពន្ធនាគារនោះ បានថ្លែងថា សំណុំរឿងបន្លំខ្លួនចូលពន្ធនាគារនេះ កំពុងធ្វើឲ្យរូបលោកក្លាយជាមនុស្សល្បីទាំងរូបលោក មិនដែលស្រម៉ៃចង់បាននោះឡើយ។
លោក ជុន ច័ន្ទបុត្រ ដែលកំពុងរត់ទៅសម្ងំលាក់ខ្លួននៅលើទឹកដីអាមេរិកនោះ បានថ្លែងនៅលើបណ្តាញសង្គម Facebook នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះថា តាំងពីតូចក្រូចឆ្មាមក លោកមិនដែលមានគម្រោងធ្វើខ្លួនឲ្យក្លាយ ទៅជាមនុស្សល្បីនោះទេ។ លោកតែងស្រម៉ៃចង់ក្លាយជាអ្នកកាសែត ជាពិសេសជាអ្នកនិយាយវិទ្យុ និងចង់និយាយរឿងឲ្យគេស្តាប់ ចង់និយាយប្រាប់ការពិត។
លោក ជុន ច័ន្ទបុត្រ បានថ្លែងបន្តថា អាជីពជាអ្នកព័ត៌មាន ខុសពីអាជីពដទៃ ដោយអ្នកព័ត៌មានត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជានិច្ច។ នៅទីណាដែលមានអាសន្នកើតឡើង អ្នកធម្មតារត់ចេញ អ្នកកាសែតរត់ចូល។ មនុស្សម្នាទូទៅ តែងគេចចេញពីតំបន់គ្រោះថ្នាក់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកកាសែតតែងដើរចូល ទោះបីជាដឹងថាគ្រោះថ្នាក់អាចនឹងកើតឡើង ចំពោះគេគ្រប់ជំហ៊ានក៏ដោយ។
សម្តីមួយឃ្លាចុងក្រោយនេះ បានធ្វើឲ្យមនុស្សចំនួនវាយតម្លៃចំពោះលោក ជុន ច័ន្ទបុត្រ ថា ជាមនុស្សដែលក្លាហានបានតែសម្តី តែការអនុវត្តវិញកម្សោយជាទីបំផុត។ គេបានលើកឡើងថា ប្រសិនបើលោក ជុន ច័ន្ទបុត្រ ចង់ធ្វើជាគំរូល្អសម្រាប់មនុស្ស និងចង់លើកកម្ពស់នីតិរដ្ឋនៅកម្ពុជាមែននោះ លោកមិនគួររត់គេចពីការអនុវត្តន៍ច្បាប់ ផ្តល់នូវគំរូអាក្រក់ដល់ជនដទៃនោះឡើយ។ សកម្មភាពនេះ កំពុងបង្ហាញលពីភាពកំសាក ដែលគេនិយមហៅថា អណ្តើកក្នុងស្នូក! ឯណាទៅភាពក្លាហានរបស់លោកដែលអះអាងថា តែងរត់ចូលគ្រប់កន្លែងមានអាសន្ននោះ?
សូមបញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ស្អែកនេះ ក្នុងនាមជាជនសង្ស័យ ក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារ។ តែដោយសារទិដ្ឋភាពច្បាប់ និងចម្លើយដាក់បន្ទុកពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ឡុង រី និងលោកស្រី មូរ សុខហួរ អាចនឹងក្លាយជាបន្ទុកជាប់ពន្ធនាគារនោះ លោក ជុន ច័ន្ទបុត្រ បានរត់ចេញពីប្រទេសកម្ពុជាតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះមកម្ល៉េះ។
តាមការគ្រោងទុកលោក ជុន ច័ន្ទបុត្រ នឹងទៅដល់ប្រទេសអាមេរិក នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា។ លោក ជុន ច័ន្ទបុត្រ ក៏នឹងមិនត្រឡប់មកស្រុកខ្មែរ ដើម្បីប្រឈមមុខជាមួយនឹងច្បាប់របស់កម្ពុជានោះដែរ៕