(ភ្នំពេញ)៖ កូរ៉េខាងជើង មានបំណងចង់ស្នើសុំឲ្យកម្ពុជា ដែលជាសមាជិករបស់អាស៊ាន និងជាសមាជិកអង្គការសហប្រជាជាតិ ជួយចូលរួមដោះស្រាយបញ្ហាជម្លោះនៅឧបទ្ធីបកូរ៉េដោយសន្តិវិធី ដែលកំពុងមានស្ថានភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមលោក Jang Yun Gon ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅទីក្រុងភ្នំពេញ ធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយកាសែតភាសាអង់គ្លេស Khmer Times នាចុងសប្តាហ៍ កន្លងទៅនេះ។
នៅក្នុងបទសម្ភាសនោះ លោក Jang Yun Gon ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើងប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជាជាសមាជិកដ៏សំខាន់ របស់អាស៊ាន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទូតនៅលើ ឆាកអន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ។
លោក Jang បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា៖ «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ [ប្រទេសកូរ៉េខាងជើង] និងកម្ពុជាមានទំនាក់ទំនងដ៏ល្អ និងប្រវត្តិនៃការគាំទ្រគ្នាទៅវិញទៅមក ដែលមិនមែនត្រឹមតែនៅក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទំនាក់ទំនងអន្តរជាតិផងដែរ»។
លោកបានបន្ថែមឲ្យដឹងថា «ខ្ញុំមានទំនុកចិត្តថា ប្រទេសកម្ពុជាដែលជាមិត្តភក្តិពិតជាយល់ពីភាពតានតឹង នាពេលបច្ចុប្បន្នអំពីឧបទ្វីបកូរ៉េ ហើយនឹងបង្ហាញពីសាមគ្គីភាពតាមរយៈអាស៊ានដើម្បីជួយស្វែងរកដំណោះស្រាយការទូត ក្នុងការរក្សាស្ថិរភាពនិងសន្តិភាពនៅក្នុងប្រទេសរបស់យើង»។
លោក Jang Yun Gon បានបន្ថែមទៀតថា «នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដើម្បី អនុម័តដំណោះស្រាយដោយប្រុងប្រយ័ត្នសម្រាប់សន្តិសុខនៅលើឧបទ្វីបកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ដោយគួរតែដោះស្រាយ បញ្ហានេះដោយសន្តិវិធី»។ លោកបានបន្ថែមថា «យើងបានឱ្យតម្លៃទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា ហើយយើងចង់រក្សា និងពង្រឹងទំនាក់ទំនងមួយនេះឲ្យកាន់តែខ្លាំង បន្ថែមទៀត។ ទំនាក់ទំនងនេះនឹងត្រូវផ្អែកលើផលប្រយោជន៍ របស់ប្រជាជននៅក្នុងប្រទេសទាំងពីរនេះ»។
ការអំពាវនាវរបស់របស់លោក Jang Yun Gon បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong-Ho បានផ្ញើលិខិតផ្លូវការ មួយទៅកាន់អគ្គលេខាធិការអាស៊ាន លោក Le Luong Minh មុនពេលដែលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល ជម្រុញឱ្យបណ្តាប្រទេសអាស៊ាន មានការគាំទ្រក្នុងការស្វែងរកដំណោះស្រាយ ចំពោះភាពតានតឹងនៅលើឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន។
យោងតាមមន្រ្តីការទូតប្រចាំនៅកម្ពុជាដដែលរូបនេះបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយដែលកូរ៉េខាងជើង បានសរសេរលិខិតផ្លូវការទៅកាន់អាស៊ាន ដើម្បីស្វែងរកជំនួយការទូតពីប្រទេសជាសមាជិកចំនួន១០។
តាមរយៈលិខិតដែលផ្ញើទៅកាន់តំបន់អាស៊ាន ដែលសេចក្ដីចម្លងមួយច្បាប់ បានទទួលដោយ AFP បានឲ្យដឹងថា លោក Ri ក៏បានព្រមានផងដែរ ពីស្ថានភាពនៅឧបទ្វីបកូរ៉េតាមរយៈការលើកឡើងថា «វាកំពុងតែឈានដល់ចំនុចចាប់ផ្ដើមនៃសង្រ្គាម» ដោយសារតែសកម្មភាពរបស់សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសកម្ពុជា លោក Jang បានបន្តឲ្យដឹងថា «កូរ៉េខាងជើងមានសមត្ថភាពខ្ពស់ដើម្បីតបតទៅនឹងការធ្វើសកម្មភាព យោធាណាមួយពីសហរដ្ឋអាមេរិកតាមរយះនុយក្លេអ៊ែរ»។
លោក Jang បាននិយាយថា «កូរ៉េខាងជើងគឺជារដ្ឋសង្គមនិយមមួយដែលស្រឡាញ់សន្តិភាព។ ប៉ុន្តែពួកគេមិនមានការភ័យខ្លាចសង្គ្រាម ឬក៏ចង់ជៀសវាងពីសង្រ្គាមនោះទេ។ វាជាឆន្ទៈដ៏មុតមាំមួយរបស់កូរ៉េខាងជើងដើម្បីឆ្ពោះទៅរកទីបញ្ចប់ប្រសិនបើអាមេរិក នៅតែមិនផ្លាស់ប្តូរដំណាក់ កាលប្រយុទ្ធរបស់ខ្លួន, ប្រសិនបើសហរដ្ឋអាមេរិកហ៊ានជ្រើសរើសយកការវាយប្រហារ កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីតបតទៅនឹង របៀបនៃសង្រ្គាមណាមួយដែលសហរដ្ឋអាមេរិកចង់បាន»។
គួរបញ្ជាក់ថា ដោយសារតែភាពតានតឹងផ្នែកសន្តិសុខ សហរដ្ឋអាមេរិកបានបញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ រួមទាំងនាវាមុជទឹក USS Michigan ដែលបំពាក់ដោយគ្រាប់មីស៊ីលប្រដេញ និងដើរដោយថាមពលនុយក្លេអ៊ែរមកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ។ ប៉ុន្តែទោះបីជាភាពតានតឹងនៅក្នុងតំបន់ មានការកើនឡើងឥតឈប់ឈរយ៉ាងណាក្តី ក៏កូរ៉េខាងជើង នៅតែមិនព្រមបង្ហាញភាពចុះញ៉មអ្វីបន្តិចនោះឡើយ ដោយនាថ្ងៃចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះបានប្តេជ្ញាថា នឹងបន្តបង្កើនអានុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសន្ទុះយ៉ាងលឿនពេញទំហឹងតែម្តង៕