(ភ្នំពេញ)៖ ទីបំផុតលោក ហួត ឃីនវុទ្ធី ដែលគេស្គាល់ជាទូទៅថា លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យាអាស៊ីសេរី (RFA) ផ្សាយជាខេមរភាសា ត្រូវបានមេកើយរបស់ខ្លួនអនុញ្ញាតឲ្យសម្ងំធ្វើការនៅការិយាល័យក្នុងទឹកដីអាមេរិក ហើយក៏មិនឲ្យចូលបំភ្លឺជូនតុលាការក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារព្រៃសនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះដែរ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់វិទ្យុអាស៊ីសេរី ផ្ញើជូនព័ត៌មានក្នុងស្រុកនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
តាមសេចក្តីជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ វិទ្យុអាស៊ីសេរី បានគូសបញ្ជាក់ឲ្យថា លោក ហួត វទ្ធី ហៅ ជួន ចាន់បុត្រ បានទៅបំពេញការងារនៅការិយាល័យធំ RFA ក្នុងសហរដ្ឋអាមេរិកវិញហើយ។ សេចក្តីប្រកាសបន្តថា លោក ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់ទៅកម្ពុជាវិញនោះទេ បន្ទាប់បញ្ចប់ដំណើរចុងសប្តាហ៍ ក្នុងនាមជាថ្នាក់ដឹកនាំរបស់ RFA។
តាមការគ្រោងទុក លោក ជុន ច័ន្ទបុត្រ ទៅដល់ប្រទេសអាមេរិកនៅយប់ថ្ងៃទី០១ ខែឧសភានេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា ត្រូវនឹងវេលាថ្ងៃត្រង់ថ្ងៃទី០១ ខែឧសភា ម៉ោងនៅសហរដ្ឋអាមេរិក។
លោក ជុន ច័ន្ទបុត្រ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារព្រៃស នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ។
តែខណៈពេលនេះលោក ជុន ច័ន្ទបុត្រ បានរត់គេចខ្លួនទៅដល់សហរដ្ឋអាមេរិក ទីដែលលោក និងក្រុមគ្រួសារផ្ញើជីវិត និងជាកន្លែងធ្វើការរបស់លោកផងដែរ។ លោក ជុន ច័ន្ទបុត្រ បានរត់ចេញពីប្រទេសកម្ពុជា ដើម្បីគេចពីការប្រឈមនឹងផ្លូវច្បាប់របស់កម្ពុជាតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧មកម្ល៉េះ ដោយទៅសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ។
លោក ជុន ច័ន្ទបុត្រ បានបន្តដំណើរទៅកាន់សហរដ្ឋអាមេរិកនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបគឺលោក ឡុង រី និង លោកស្រី មូរ សុខហួរ ក៏ត្រូវបានតុលាការកោះហៅឲ្យចូលទៅបំភ្លឺក្នុងនាមជាសាក្សីកាលពីថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះផងដែរ។
ទាំងទិដ្ឋភាពច្បាប់ និងចម្លើយសារភាពរបស់អ្នកតំណាងរាស្រ្តបក្សសង្រ្គោះជាតិពីររូបផង មានការលើកឡើងថា លោក ជុន ច័ន្ទបុត្រ អាចនឹងប្រឈមការឃាត់ខ្លួន ប្រសិនបើជារូបលោកចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ស្អែកនេះម៉ែននោះ។ ប្រហែលជាហេតុផល និងបារម្ភពីការចាប់ខ្លួនព្រោះតែសកម្មភាពន្លំភ្នែកមន្រ្តីពន្ធនាគារនេះហើយ ទើបធ្វើឲ្យលោក ជុន ច័ន្ទបុត្រ សម្រេចរត់ចេញពីប្រទេសកម្ពុជា៕