(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានប្រាប់ទៅកាន់សមាជិករបស់ខ្លួនថា «សូមធ្វើយ៉ាងណា ឲ្យសមាជិកបក្សយើងម្នាក់ ក្លាយជាសន្លឹកឆ្នោតពិតប្រាកដមួយសន្លឹករបស់បក្សយើង» ដើម្បីគណបក្សប្រជាជនកម្ពុជា បន្ដទទួលបានជ័យជំនះ នៅថ្ងៃបោះឆ្នោតខាងមុខនេះ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្សទាំងអស់ សមាជិកគណៈកម្មាធិការបក្សសង្កាត់ និងសាខាបក្សភូមិ ចំនួន៥៧៨នាក់ នៅសង្កាត់ស្រយ៉ូវ និងចំនួន១៥៩នាក់ នៅសង្កាត់ព្រៃតាហ៊ូ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពេញមួយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧។
ក្រៅពីការងារជំរុញលោក សុខ លូ បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែលកន្លងមកខិតខំជួយ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ រាល់ការបោះឆ្នោតកន្លងមក ហើយនៅពេលបោះឆ្នោត នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ CPP ច្បាស់ជាបន្តឈ្នះទៀតជាក់ជាមិនខាន។
ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំរូបនេះ បានជម្រាបជូនបងប្អូនអំពីស្ថាដៃធំធេងរបស់បក្ស ដែលបានរដោះប្រទេស ហើយនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ពិតហើយថាបច្ចុប្បន្នមិនទាន់ឥតខ្ចោះតែបានធ្វើពិតៗ មិនសន្យាចោលដូចបក្សនយោបាយខ្លះនោះទេ គណបក្សប្រជាជនកម្ពុជា នឹងនៅរួមសុខរួមទុក្ខជាមួយបងប្អូន បន្តការកសាងប្រទេសជាតិគ្រប់វិស័យ ឲ្យបន្តរីកចម្រើន។
បន្ថែមពីនេះ លោកបានផ្ដាំផ្ញើ ឲ្យបងប្អូនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីសេចក្តីសុខរបស់ប្រជាជនទូទាំងប្រទេស។
ជាការឆ្លើយតប សមាជិកទាំងអស់ បានប្តេជ្ញានឹងយកជ័យជំនះជូនគណបក្សប្រជាជន តាមមូលដ្ឋានរបស់ខ្លួន ដើម្បីអាចបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយពួកគាត់យល់ច្បាស់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង៕