(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានក្របួចចោរស្រីជំនាញទម្លាក់យោង លូកហោប៉ៅដ៏សកម្មម្នាក់ និងបក្ខពួកប្រុសស្រី៣នាក់ ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីក្រុមជនសង្ស័យ បានប្រើល្បិចចាស់ ធ្វើរើសបានថង់មាស និងល្បួងកម្មការិនីរោងចក្រម្នាក់ ដោះយកគ្រឿងអលង្កា។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នៅផ្លូវបេតុង ម្តុំផ្សាដំបូលខៀវ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណឹម ស្រីអូន អាយុ២៩ឆ្នាំ និងបក្ខពួកស្រីប្រុស៣នាក់ទៀត កំពុងរត់គេចខ្លួនបាត់ ជាមួយម៉ូតូ២គ្រឿងទៀត។ ចំណែកជនរងគ្រោះឈ្មោះ ស្រយ ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ។
នគរបាលបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការ ក្នុងគោលបំណងទៅហូបបាយនៅផ្ទះជួល លុះពេលដែលជនរងគ្រោះដើរ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យ៤នាក់ ស្រី២នាក់ និងម៉ូតូ២គ្រឿង ធ្វើល្បិចជារើសបានថង់មាស រួចក៏បបួលជនរងគ្រោះទៅចែកគ្នា។ ពេលនោះនាំជនរងគ្រោះដើរ ទៅដល់ចំណុចសួនច្បារ ចម្ងាយពីកន្លែងរើសបានមាសប្រហែល១០០ម៉ែត្រ រួចលួងជនរងគ្រោះ ឲ្យដោះគ្រឿងអលង្ការអស់ពីខ្លួន ប៉ុន្តែជនរងគ្រោះដឹងទាន់ ក៏មានការផ្អើលស្រែកឆោរឡោរឡើង។
ភា្លមៗនោះ ពលរដ្ឋ និងសមត្ថកិច្ចបានចេញជួយអន្ដរាគមន៍ ដោយឃាត់បានជនសង្ស័យម្នាក់ ដោយឡែក បក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់។ ក្នុងនោះកម្លាំងនគរបាលដកហូតបាន ថង់ទម្លាក់យោង ខ្សែកក្លែងក្លាយ១ខ្សែ និងសម្ភារៈមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលប៉ុស្តិ៍ចោមចៅ នាំសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕