(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នៅឆ្នាំ២០២២ខាងមុខ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងសាងសង់កំពុងផែទឹកជ្រៅមួយទៀតតម្លៃប្រមាណ ២០០លានដុល្លារ ដើម្បីឆ្លើយតបកំណើនទំនិញឆ្លងកាត់។
ក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី ១៣១ ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល បាឲ្យដឹងថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។
បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ផែទឹកជ្រៅនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនទំនិញដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផែ្អកលើអត្រាកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ប្រកបដោយស្ថេរភាព និង រឹងមាំ ក្នុងរង្វង់ជាមធ្យម ៧ភាគរយប្រចាំឆ្នាំ បានធ្វើឲ្យបរិមាណកុងតេន័រឆ្លងកាត់កំពង់ផែកើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០១៤ មានកំណើន ១៦ភាគរយ ឆ្នាំ២០១៥ មានកំណើនជាង ១៧ភាគរយ និង ឆ្នាំ២០១៦ មានកំណើនជាង ៣ភាគរយ។
លោកទេសរដ្ឋមន្រ្តីបានព្យាករណ៍ថា បរិមាណកុងតេន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២៣ខាងមុខ នឹងកើនលើស ៧០០,០០០TEUs (TEUs = Twenty Equivalent Units) ដែលលើសពីសមត្ថភាពកំពង់ផែនាពេលបច្ចុប្បន្ន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីប្រវត្តិ នៃការសាងសង់ និងអភិវឌ្ឍន៍ផែកុងតេន័រ នៅកំពុងផែស្វយ័តក្រុងព្រះសីហនុផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៤ កំពុងផែបានចំណាយថវិកាជិត ១០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ផែ ខណៈបច្ចុប្បន្នកំពុងសាងសង់ផែពហុបំណងប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣.៥ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ សម្រាប់ការរុករកប្រេង ដែលមានបណ្តោយ ២០០ម៉ែត្រ ជម្រៅទឹក ៧.៥ម៉ែត្រ ដោយគ្រោងចំណាយ ថវិកាចំនួន ៧៤.២លានដុល្លារអាមេរិក។
ថវិកាសម្រាប់អភិវឌ្ឍន៍នេះ ទទួលបានកម្ចីពីរដ្ឋាភិបាលជប៉ុន សរុបមកដល់បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ JICA របស់ជប៉ុន ប្រមាណ ១៧៨.៦លានដុល្លារអាមេរិក និងវិនិយោគថវិកាកំពង់ផែផ្ទាល់ ចំនួន២២លានដុល្លារអាមេរិក៕