(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ ព្រមទាំងក្រុមគ្រួសារ មានសន្ធាជ្រះថ្លាចូលរួមក្នុងពិធីបុណ្យឆ្លងដងទង់ និងទង់ព្រះសាសនានៅវត្តពោធិ៍មានបុណ្យ ស្ថិតនៅក្នុងភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ដែលត្រូវបានប្រារព្ធពិធីបុណ្យឆ្លង នាថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៧។
ពិធីបុណ្យនេះ ប្រមូលបានបច្ច័យជាង២៩លានរៀល ត្រូវបានលោក ម៉ៅ ធនិន និងលោកស្រី វេរប្រគេនថ្វាយព្រះសង្ឃសម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តបន្តទៀត ព្រោះវត្តមួយនេះមិនសូវមានចង្ហាន់គ្រប់គ្រាន់នោះទេ។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានកោតសរសើរចំពោះអ្នកពាក់ព័ន្ធ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានប្រារព្ធពិធីបុណ្យឆ្លងដងទង់ និងទង់ព្រះសាសនានេះឡើង ប្រកបដោយអធឹកអធម និងដោយរលូន។
លោកអភិបាលខេត្តថ្លែងថា «ទីវត្តអារាមរីកចម្រើនទៅបាន អាស្រ័យមានការចូលរួមទាំងថវិកា និងសម្ភារៈរបស់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ព្រោះថា វត្តមួយចំនួន កសាងនៅមានកម្រិត ដោយសារពុទ្ធបរិស័ទចំណុះជើងវត្ត ជីវភាពមិនសូវធូរធា។ ជាក់ស្តែង ដូចជាវត្តពោធិ៍មានបុណ្យជាសក្ខីភាពស្រាប់»។ ដោយមើលឃើញពីការខ្វះខាតទាំងនេះហើយ បានជាលោក និងលោកស្រីជួយកសាងដងទង់ និងទង់ព្រះសាសនា ទុកតម្កល់ជាសម្បត្តិទ្រព្យក្នុងវិស័យព្រះពុទ្ធសាសនា និងបានធ្វើពិធីបុណ្យឆ្លងនេះឡើង។
ជាការពិតណាស់ថា នូវរាល់សមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ កើតមានជាបន្តបន្ទាប់ទូទាំងប្រទេស គឺអាស្រ័យដោយសង្គមជាតិទទួលនូវសុខសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី សាលារៀន មន្ទីរពេទ្យ ដែលទាំងអស់នេះ គឺជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
លោកក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋដែរថា កន្លងមក ការចូលមកដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតម្តងៗ គណបក្សប្រឆាំងតែងតែយកចំណេញខាងនយោបាយ ប៉ុន្តែពួកគេមិនដែលបានចូលរួមកសាងអ្វីសោះ បានត្រឹមតែសន្យាចោល ហេតុនេះ ប្រជាពលរដ្ឋត្រូវជឿជាក់លើរដ្ឋបាលខេត្ត ក្រុង-ស្រុក ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ។
ក្នុងនាមរដ្ឋបាលខេត្តម្ចាស់ដើមទានប្រធានដើមបុណ្យ ពិតជាសប្បាយរីករាយណាស់ ចំពោះសមិទ្ធផលនានា ព្រោះជាមគ្គផលបានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល និងការជឿជាក់ចំពោះព្រះពុទ្ធសាសនា។ លោក ម៉ៅ ធនិន និងលោកស្រី ក៏បានចែកជូនក្រណាត់សដល់លោកតា លោកយាយ ចំនួន១៥០នាក់ម្នាក់មួយដុំផងដែរ៕