(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែនប្រធានាធិបតីហ្វីលីពីន ឌុយតែតេ ហ៊ានធ្វើរឿងប្លែកៗជាច្រើនដោយមិនខ្វល់អ្នកដ៏ទៃរិះគន់ យកគូស្នេហ៍កំណាន់ទី២ ទទួលមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលបានធ្វើឡើងនៅប្រទេសហ្វីលីពីន ថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០១៧។ លោក ពុយ គា ដែលបានចូលរួមយកព័ត៌មានផ្ទាល់ទីនោះបានរៀបរាប់រឿងក្រៅឆាកនៅឯកិច្ចប្រជុំអាស៊ាននេះ។
* ឌុយតែតេ យកគូស្នេហ៍កំណាន់ទី២ ទទួលមេដឹកនាំអាស៊ាន៖
ប្រធានាធិបតីហ្វីលីពីនរូបនេះពិតជាមិនធម្មតាមែន លោកហ៊ានធ្វើរឿងប្លែកៗជាច្រើន ដោយមិនខ្វល់អ្នកដ៏ទៃរិះគន់ ឬក៏អ្នកដែលមិនចូលចិត្ត គាត់នោះឡើយ។ ថ្មីៗនេះ លោក ឌុយតែតេ បាននិយាយប្រាប់សាធារណជនហ្វីលីពីនថា លោកមានប្រពន្ធពីរ និងមិត្តស្រីពីរនាក់ទៀត ម្នាក់ជាអ្នកលក់គ្រឿងសំអាងនៅហាងលក់ទំនិញ និងម្នាក់ទៀតជាអ្នកកាន់បញ្ជីគិតលុយ។
រីឯលោកស្រី Honeylet Avancena ដែលលោក ឌុយតែតេ បានបណ្តើរក្នុងពេលទទួលមេដឹកនាំអាស៊ាន គឺជាប្រពន្ធទីពីរឥតខាន់ស្លារបស់ឌុយតែតេ។ លោកស្រី Honeylet ជាអ្នកជំនួញ និងជាពេទ្យ មានអាយុតិចជាងលោក ឌុយតែតេ ដល់ទៅ២៤ឆ្នាំ។ លោកស្រីធ្លាប់និយាយថា លោក ឌុយតែតេ ចូលចិត្តនារី ហើយពេលខ្លះគាត់ថើបមាត់ ជាមួយនារីដែលគាំទ្ររូបគាត់នៅអំឡុងពេលឃោសនាបោះឆ្នោត។ លោកស្រី Honeylet ក៏ធ្លាប់សារភាពត្រង់ៗថា លោកស្រីមិនដឹងថា ពេលណាទើបបានរៀបការជាមួយលោក ឌុយតែតេ ទេ មានតែ «ព្រះទេទើបដឹង» ។
* អាស៊ានដកចិត្តពីកូរ៉េខាងជើង យកចិត្តអាមេរិក ហុចដាវឲ្យចិន៖
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ បញ្ហានៅឧបទ្វីបកូរ៉េ បានក្លាយជាប្រធានបទក្តៅជាងគេបង្អស់។ រៀងរាល់ឆ្នាំនិងជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនមិនសប្បាយចិត្តសោះឡើយ នៅពេលអាស៊ាន (សមាជិកខ្លះ) រករឿងដៀមដាមដាក់ចិន មិនចេះចប់អំពីជម្លោះនៅសមុទ្រចិនខាងត្បូង តែលើកនេះចិន ដេកលក់ដោយមិនបាច់ប្រើថ្នាំមួយគ្រាប់។ ចំពោះកូរ៉េខាងជើងវិញ ទោះជាតូច និងឯកោ ពិតជាក្លាហានហ៊ានលួចឆ្មក់សរសេរលិខិតកម្រាស់២ទំព័រ មកកាន់អគ្គលេខាធិការអាស៊ាន មួយខែមុនកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន ដើម្បីស្នើសុំឲ្យអគ្គលេខាធិការរូបនេះជួយបញ្ជូនលិខិតបន្តទៅបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ក្នុងបំណងស្វែងរកការគាំទ្រពីអាស៊ានដើម្បីប្រឆាំងនឹងអាមេរិក ។
ប្រទេសអាស៊ានទាំង១០ មានការភ្ញាក់ផ្អើលតែនាំគ្នាសំងំឈឹង។ ដោយឡែកមហាអំណាចចិន និងអាមេរិក មិនបាននៅស្ងៀមសោះឡើយ គឺប្រជែងគ្នាប្រើ នយោបាយ «ឆ្មានិងកណ្តុរ» តាមរយ:ការបញ្ជូនបេសកជនរបស់ខ្លួនសុទ្ធតែកម្រិតខ្ពស់ជិតផុតលេខ តែប៉ុន្មានថ្ងៃនិងប៉ុន្មានម៉ោងមុនកិច្ចប្រជុំ មកបណ្តា ប្រទេសអាស៊ាននិងអគ្គលេខាធិការអាស៊ាន។ អាមេរិកបានបោះបាល់ឲ្យឥណ្ឌូណេស៊ី ជួយទាត់បញ្ចេញទី ដើម្បីឲ្យសឹង្ហបុរី និងវៀតណាមជួយទាត់បន្ត...។
វិលមករឿងកូរ៉េវិញ នោះជាលិខិតទីមួយរបស់កូរ៉េខាងជើង ដែលបានផ្ញើមកកាន់អាស៊ាន ចាប់តាំងពីកំដៅមីស៊ីល និងសព្វាវុធនុយក្លេអ៊ែរបានចាប់ផ្តើមរវាង អាមេរិកនិងកូរ៉េខាងជើងនៅដើមទសវត្ស១៩៩០ ក្នុងរដ្ឋបាលប្រធានាធិបតី ប៊ីលគ្លីនតុន។ នៅឯកិច្ចប្រជុំ អាស៊ានមិនបានគាំទ្រកូរ៉េខាងជើងទេ តែបែរជានាំ គ្នាដាក់បន្ទុកបន្ថែមដើម្បីយកចិត្តអាមេរិកឲ្យសប្បាយចិត្តបន្តិច តែបិទកន្ទុយហុចដាវឲ្យចិនជាអ្នកវះកាត់វិញ។ លោក ឌុយតែតេ ដែលជាប្រធានអង្គប្រជុំបាន បោះមេ និងនិយាយដូចគ្មានជំពាក់នរណាមួយរៀលឡើយ សូមឲ្យអាមេរិកដកខ្លួនចេញពីតំបន់ត្រឡប់ទៅវិញ ដើម្បីទុកឲ្យចិនដែលមានឥទ្ធិពលជាអ្នក ដោះស្រាយជាមួយកូរ៉េខាងជើង ក្នុងនោះលោក ឌុយតែតេ សម្តែងក្តីបារម្មណ៍ថា វត្តមាននាវាមុជទឹកពីរគ្រឿងរបស់អាមេរិកដែលទើបចូលមកក្នុងតំបន់ ហើយដែលផ្ទុកដោយសព្វាវុធប្រល័យលោក បើសិនជាមានហេតុការណ៍អ្វីកើតឡើង ឬផ្ទុះ តើនរណាជាអ្នករងគ្រោះ? អាស៊ី និងអាស៊ាន គឺជាអ្នករងគ្រោះមុនគេ។
* ភូមា មេដឹកនាំប្រែរូបនៅអាស៊ាន
វត្តមានរបស់លោកស្រី អ៊ូង សាន ស៊ូជី នៅឯកិច្ចប្រជុំកំពូលអាស៊ានបានក្លាយជាប្រធានបទសម្រាប់អ្នកការទូតអាស៊ាន និងបណ្តាមេដឹកនាំទាំងក្នុង និងក្រៅតំបន់ ដោយហេតុថា លោកស្រីបែងភាគខ្លួនជាប្រមុខរដ្ឋាភិបាលផង និងជារដ្ឋមន្រ្តីការបរទេសផង ឬអាចនិយាយម្យ៉ាងថា លោកស្រីម៉ៅយក តំណែងទាំងពីរ។ បើយើងមើលពីរបបនយោបាយថ្មីរបស់ភូមា ប្រទេសមួយនេះ មានប្រធានាធិបតីមួយរូប និងអនុប្រធានាធិបតីពីររូប ហើយលោកស្រី ស៊ូជី ឈរនៅលំដាប់ទី៤ឯណោះ ប៉ុន្តែលោកស្រី ស៊ូជី មានឥទ្ធិពលលើមេដឹកនាំទាំងបីខាងលើ ឬអ្នកទាំងបីគ្រាន់តែជាស្រមោលស្ថិតក្រោមការចង្អុលបង្ហាញពី លោកស្រីតែប៉ុណ្ណោះ។ បើទោះបីជាលោកស្រីស៊ូជី កាន់តំណែងជារដ្ឋមន្រ្តីការបរទេសមែន លោកស្រី បានព្យាយាមគេចជាថ្មីម្តងទៀត មិនទៅចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននិងអាមេរិក នាទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះឡើយ ដោយយកលេសទៅអឺរ៉ុប។ ក្នុងន័យនេះប្រហែលជា លោកស្រីចង់បញ្ជាក់ពីអំណាចនិងឋានៈពិតប្រាកដរបស់លោកស្រីគឺប្រធានាធិបតី។
ដោយឡែកចំពោះប្រជាប្រិយភាពរបស់គាត់នៅអាស៊ាន លោកស្រី ស៊ូជី លែងជាតារាទៀតហើយ ហើយមេដឹកនាំអាស៊ានខ្លះហាក់ដូចជា ចង់ធុញនឹងគាត់ម្តងៗទៀតផង នោះក៏ដោយសារលោកស្រីចូលចិត្តយកទ្រឹស្តីបែបទស្សនវិជ្ជាមកនិយាយ ប្រហែលជាគាត់ជាប់ឃុំនៅក្នុងផ្ទះនិងអានសៀវភៅច្រើនពេកក៏មិនដឹង។
* ឌុយតែតេ បុរសមាត់អាក្រក់ តែធ្វើម្ចាស់ផ្ទះចិត្តល្អ
ប្រទេសហ្វីលីពីនបើទោះបីជាក្រក៏ដោយ តែរដ្ឋាភិបាលរបស់បុរសមាត់ដាចរូបនេះ លេងយកល្បីក្របខណ្ឌអាស៊ានម្តងនៅឆ្នាំ២០១៧ អ្នកកាសែតជិត ៥០០នាក់ នាំគ្នាភ្ញាក់ផ្អើល ហើយនឹកស្មានមិនដល់ថា ហ្វីលីពីន ហ៊ានចាយលុយសន្ធឹកសន្ធាប់លើអ្នកកាសែត ខ្លាំងជាងប្រទេសអ្នកមាន។ ក្រៅពីការផ្ដល់អាហារដ៏សម្បើមជាម្ហូបចិន ជប៉ុន និងអឺរ៉ុប នៅក្នុងសណ្ឋាគារផ្កាយ៥ ជាប់មាត់សមុទ្រ នៅមានផ្តល់កាដូពិសេសដល់អ្នកកាសែតទាំងអស់ទៀតគឺ iPhone របស់ហ្វីលីពីន, Power Bank, Flash និង Bamboo Speaker ។
អ្នកកាសែតបរទេសលាន់មាត់ថា ហ្វីលីពីនធ្វើខ្លាំងជាងប្រទេសសឹង្ហបុរី និងប្រទេសព្រុយណេ ដែលជាប្រទេសអ្នកមានទៅទៀត។ យ៉ាងណាក៏ដោយ សម្រាប់រូបខ្ញុំ ប្រទេសហ្វីលីពីនមិនមែនជាគោលដៅទេសចររបស់ខ្មែរ ឬកន្លែងសម្រាប់សម្រាកលំហែរកាយជាលក្ខណៈគ្រួសារ ឬជាប្តីប្រពន្ធថ្មីថ្មោងនោះទេ នោះដោយសារតែម្ហូបអាហារនៅប្រទេសមួយនេះហាក់ដូចជា «ដាក់គ្រឿងផ្សំខុស» រសជាតិមិនច្បាស់អ្វីពិតប្រាកដ រីឯអង្ករ (បាយ) គ្មានរសជាតិ (ខ្សោះ) ។ និយាយដល់ត្រង់ចំណុចនេះ មានមិត្តភ័ក្រខ្ញុំពីរនាក់ជំទាស់នឹងខ្ញុំភ្លាមថា ហ្វីលីពីនសប្បាយមិនដូចអ្វីដែលខ្ញុំនិយាយនោះឡើយ។ ខ្ញុំក៏សួរភ្លាមវិញថា សប្បាយអ្វី? ពួកគាត់ឆ្លើយថា «សម្រស់បុបា្ផហ្វីលីពីន!!!» ។
* មេប៉ូលីសហ្វីលីពីន សូមទោសរឿងបង្គន់អនាម័យ
ហ្វីលីពីនបានដាក់ពង្រាយកម្លាំងសន្តិសុខរហូតដល់ទៅ៤ម៉ឺននាក់ ដើម្បីការពារ និងធានាសុវត្ថិភាពពេលរៀបចំកិច្ចប្រជុំអាស៊ាននៅទីក្រុងម៉ានីល ពីថ្ងៃ២៧ ដល់ ២៩ ខែមេសា ឆ្នាំ២០១៧។ ទោះជាដាក់កម្លាំងដ៏សន្ធឹកសន្ធាប់យ៉ាងនេះក៏ដោយ ក៏នៅតែផ្ទុះបាន តែសំណាងដែរ ការផ្ទុះនោះមិនមែន ជាចេតនា ឬជាអំពើភរវកម្មដើម្បីបង្អាក់កិច្ចប្រជុំឡើយ តែជាជំលោះក្រុមបងធំ ធ្វើឲ្យមនុស្ស១៤នាក់ត្រូវរងគ្រោះ។ ទន្ទឹមនឹងការពង្រាយកម្លាំងដ៏ច្រើនបែបនេះ មេប៉ូលីសរបស់ហ្វីលីពីនបានរត់ខ្វែងដៃខ្វែងជើង បន្ទាប់ពីទទួលបានព័ត៌មានពីកូនចៅដែលដាក់ពង្រាយតាមទីតាំងនានាថា ពួកគាត់ពិបាកទ្រាំ និងពិបាករកកន្លែងណាស់លោកនាយ ពេលត្រូវការបន្ទប់ទឹក។
ទម្រាំព័ត៌មានបែបនេះទៅដល់មេ កូនចៅទ្រាំអស់ពីរថ្ងៃ ហើយមេប៉ូលីសក៏បង្ខំចិត្តសុំទោស និងចាប់ផ្តើមបញ្ជូនបង្គន់ចល័តប៉ុន្មានម៉ោងក្រោយមក។ ទាក់ទងនឹងបង្គន់អនាម័យនេះ សូមបងប្អូនខ្មែរយើងដែលធ្វើដំណើរតាមអាកាសយានដ្ឋានទីក្រុងម៉ានីល ត្រៀមខ្លួនឲ្យបានល្អ ជាពិសេសរឿងពេលចូល បន្ទប់ទឹកដែលចាំបាច់ត្រូវឈរតម្រង់ជួរអាចរហូតដល់១៥នាទីឯណោះ។ មិត្តភ័ក្រខ្ញុំជាជនជាតិជប៉ុនបាននិយាយថា ព្រលានយន្តហោះខ្មែរវ៉ា ព្រលានយន្តហោះហ្វីលីពីនហើយ។
* ហ្វីលីពីនផ្តើមប្រើការទូតផ្លែធុរេន
ចាប់តាំងពីចូលកាន់តំណែងមក ឌុយតែតេ បានយកផ្លែធុរេនដាវ៉ាវ (Davao Durian) ដ៏ល្បីល្បាញរបស់ប្រទេសហ្វីលីពីនសម្រាប់ធ្វើការទូត ពោលគឺគាត់ជ្រើសយកធុរេនដែលល្អនិងឆ្ងាញ់ដើម្បីទទួលភ្ញៀវសំខាន់ៗរបស់គាត់ រួមទាំងនាយករដ្ឋមន្រ្តីជប៉ុន សីនហ្សូ អាបេ និងប្រធានាធិបតីឯណ្ឌូណេស៊ី ជាដើម។ ដាវ៉ាវជាឈ្មោះទីក្រុង ស្ថិតក្នុងខេត្ត Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ ដាំលើផ្ទៃដី៣ពាន់ហិចតា ធុរេនប្រមាណជា៥០០តោន ត្រូវបានប្រមូលផលក្នុងមួយឆ្នាំ។ ជនជាតិហ្វីលីពីនបាននាំគ្នាឡង់សេ ធុរេនដាវ៉ាវ ដូចខ្មែរឡង់សេ ធុរេនខេត្តកំពតយ៉ាងដូច្នេះដែរ។ និយាយដល់ការទូត ផ្លែធុរេន ខ្ញុំនៅចាំមិនភ្លេចទេ ពីប្រវត្តិអ្នកការទូតខ្មែរមួយរូបគឺលោក អេង រ៉ូឡង់ ដែលលោកធ្លាប់ប្រើ «ការទូតនំបញ្ចុក» ប៉ុន្តែខ្ញុំមិនដែលបាន ឮក្រោយៗមកទៀតថា មានអ្នកការទូតខ្មែរយើងប្រើ «ការទូតនំបញ្ចុកបន្តទៀត ឬក៏ការទូតសម្លកកកូរ...» ឡើយ។ ប្រទេសចិនបានប្រើ «ការទូតឌីមសាំ» រីឯសឹង្ហបុរីប្រើ «ការទូតបាយមាន់ និងឡាក់សា»...។
* ហ្វីលីពីនចាយលុយអស់៣១០លានដុល្លាសម្រាប់ប្រជុំអាស៊ាន
ក្រុមអ្នកប្រឆាំងរបស់រដ្ឋបាលលោក រុតឌី (ឈ្មោះហៅក្រៅរបស់លោក ឌុយតែតេ) កំពុងកកូរកកាយចង់ដឹងថា ហេតុអ្វីបានជារដ្ឋាភិបាលរបស់លោក រុតឌី គ្រោងចាយលុយសម្បើមម្ល៉េះរហូតដល់ទៅ៣១០លានដុល្លា សម្រាប់កិច្ចប្រជុំអាស៊ាននៅឆ្នាំ២០១៧នេះ? តាមការស៊ើបអង្កេតបឋមបានបង្ហាញថា មន្រ្តីកាន់កិច្ចការពាក់ព័ន្ធអាស៊ានខ្លះបានចំណាយខុសខ្ទង់ដោយយកគ្រួសារ ឬគូស្នេហ៌ទៅតាមកោះ និងខេត្តនានាក្រោមលេសថា ជូនភ្ញៀវអាស៊ាន។
* ឌុយតែតេ ចូលចិត្តសំណើចរបស់ គីម ជុនអ៊ុន
ចាប់តាំងពីលោក រុតឌី ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីនមក គាត់បានធ្វើឲ្យគេស្គាល់រូបគាត់ និងប្រទេសមួយនេះកាន់តែច្រើនឡើង តែក្នុងន័យ អាក្រក់ច្រើន ល្អតិច។ ក្រៅពីលោកធ្វើយុទ្ធនាការកម្ចាត់ក្រុមគ្រឿងញៀនដ៏កក្រើកប្រទេសនិងពិភពលោក លោក រុតឌី បានធ្វើឲ្យគេផ្អើលដោយសារការជេ មេដឹកនាំអាមេរិកនិងអ៊ឺរ៉ុបពេញៗមាត់ ឥឡូវគាត់មកសរសើរនិងនិយាយថា លោកចូលចិត្ត «ការញញឹម» របស់លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង។
* ហ្វីលីពីន គេចពីអាមេរិក ចាប់យកចិន
ចាប់តាំងពីលោក ឌុយតែតេ ជាប់ឆ្នោតជាប្រធានាធិបតីមក នយោបាយរបស់ហ្វីលីពីនជាមួយអាមេរិកបានក្រឡាប់ចាក់ធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្ត របស់ខ្លួននៅអាស៊ីដូចជាជប៉ុន កូរ៉េខាងត្បូង រួមទាំងវៀតណាម និងសឹង្ហបុរីមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំង។ ដោយមិនលាក់លាមនូវនយោបាយ ទោទៅរកចិន លោក ឌុយតែតេ បាននិយាយត្រង់ៗនិងដោយចំហរប្រាប់អ្នកសារព័ត៌មានថា មុនកិច្ចប្រជុំអាស៊ានចិនបានសន្យាផ្តល់ស្ពានពីរទៅ បីបន្ថែមទៀតជាជំនួយឥតសំណង។ ជប៉ុនបានព្យាយាមចាប់យកហ្វីលីពីនតាមរយ:ការផ្តល់ជំនួយដ៏សម្បើម តែចិនក៏ប្រជែងជាមួយជប៉ុន យ៉ាងចាស់ដៃដែរ។ មកទល់ពេលនេះ ជប៉ុនចាញ់សមរភូមិចិនបាត់ទៅហើយ ដោយសារលោក ឌុយតែតេ ងាកទៅចិនច្រើនជាងជប៉ុន៕
ដោយ៖ ពុយ គា