(ភ្នំពេញ)៖ សកម្មភាពជួញដូរគ្រឿងញៀន នៅក្នុងទឹកដីខណ្ឌឬស្សីកែវ បើទោះគេសង្កេតឃើញ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែនៅតំបន់ខ្លះនៅបន្តកើនឡើងយ៉ាងខ្លាំង រហូតឈរលក់ទាំងថ្ងៃ ដោយមិនខ្លាចរអារសមត្ថកិច្ចបន្តិចសោះ។ ការលក់ថ្នាំញៀនដូចជា ផ្សារលក់ត្រីអញ្ចឹង គឺលក់ទាំងព្រឹក លក់ទាំងល្ងាច គ្មានឃើញសមត្ថកិច្ចពាក់ព័ន្ធណា ចុះទៅបង្កាបនោះទេ គឺស្ថិតនៅតំបន់វត្តញាណរង្សី ក្នុងខណ្ឌឬស្សីកែវ ជាប់ព្រំប្រទល់ខណ្ឌទួលគោក ពោលនៅម្តុំអង់តែនទួលគោក។ នេះបើតាមបុគ្គលិកអង្គភាព Fresh News ម្នាក់ដែលបានជួបហេតុការណ៍នេះ ផ្ទាល់ភ្នែកតែម្តង។
បុគ្គលិកអង្គភាព Fresh News រូបនេះបានតំណាលហេតុការណ៍ថា «បើយើងជិះតាមក្លោងទ្វារវត្តញាណរង្សី ចូលទៅក្នុង រួចបត់ស្តាំដៃបន្តិច ហួសផ្លូវលំ ប្រហែលបីខ្សែ បត់ចូលទៅក្នុងមានផ្លូវទ័ល គេឃើញមានក្រុមអ្នកលេងបៀរ នៅក្រោមផ្ទះខាងស្តាំដៃ យុវជនពីរទៅបីនាក់ ឈរលក់ថ្នាំញៀន ដូចលក់ត្រីក្នុងផ្សារ ក្រឡេកមើលទៅ ហាក់ដូចមានអ្នកឈរកាងពីក្រោយ។ ចំពោះករណីជួញដូរគ្រឿងញៀននៅតំបន់នោះ ប្រហែលជាសមត្ថកិច្ច នៅតាមមូលដ្ឋានគាត់ដេកលក់អស់ហើយ ឬក៏សមត្ថកិច្ចមិនបានដឹង ពីករណីជួញដូរគ្រឿងញៀន យ៉ាងអាណាធិបតេយ្យ ដែលមិនខ្លាចច្បាប់អីបន្តិចសោះ»។
អ្វីដែលកាន់តែច្បាស់ទៀតនោះ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ ឃើញមានក្រុមយុវជនបួននាក់ ជិះម៉ូតូទំនើបពីរគ្រឿង មួយគ្រឿងម៉ាក scopy និងម៉ាកឡេត មកទិញថ្នាំញៀន នៅក្នុងតំបន់នេះទាំងថ្ងៃចែស ដោយមិនខ្លាចញញើតអ្វីទាំងអស់។ ជាងនេះទៅទៀត ក្រុមអ្នកជួញដូរគ្រឿងញៀនទាំងនោះ ឈរលក់គ្រឿងញៀន យ៉ាងសប្បាយរីករាយហាក់ ដូចជាត្រូវរង្វាន់ធំអញ្ចឹង។
លើសពីនេះគ្រាន់តែឃើញមានប្រជាពលរដ្ឋ រួមទាំងខ្ញុំផងថា ពេលធ្វើដំណើរមកឈប់នៅកន្លែង ពួកគេឈរលក់នោះ ពួកគេក៏ដើរមកសួរភ្លាមថា «មកទិញថ្នាំញៀនមែនទេ?» សំណួរនេះពិតជាហួសហេតុពេក ហើយសម្រាប់អ្នកដែលមិនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែវាជាសំណួរល្អ សម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនទៅវិញ។
ជារួមគេមិនដឹងថា សមត្ថកិច្ចមូលដ្ឋានមិនដឹង ឬក៏ក្រុមអ្នកចែកចាយថ្នាំញៀនចិញ្ចឹមនោះទេ បានជាក្រុមនេះលក់គ្រឿងញៀនបាន ដូចអ្នកលក់ត្រីក្នុងផ្សារបែបអញ្ចឹង!៕