(កំពង់ធំ)៖ សកម្មភាពដឹកជ្រូកក្រហម ពីប្រទេសវៀតណាម កំពុងតែមានសន្ទុះយ៉ាងខ្លាំង ក្នុងទិសដៅចូលទៅកាន់ខេត្តមួយចំនួនរបស់កម្ពុជា ដោយក្នុង១ថ្ងៃៗ ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ការរកស៊ី និងចិញ្ចឹមជ្រូករបស់ពលរដ្ឋខ្មែរ។ តាមព័ត៌មានត្រូវបានគេរាយការណ៍ថា ការដឹកជញ្ជូនជ្រូកក្រហម មានចំនួនរាប់រយក្បាលចេញពីប្រទេសវៀតណាម សំរុកចូលមកកាន់ទីសត្តឃាតក្នុងទីរួមខេត្តមួយចំនួន និងខ្លះទៀតដឹកជញ្ជូនឆ្លងកាត់ ខេត្តកំពង់ធំ ទៅលក់បន្តនៅខេត្តសៀមរាប ដោយក្រុមឈ្មួញធ្លាប់អះអាងថា ដឹកចេញពីខេត្តកំពង់ចាមយកទៅលក់បន្ត និងមានលិខិតអនុញ្ញាតត្រឹមត្រូវ តែតាមប្រភពព័ត៌មានឲ្យដឹងថា ជ្រូកទាំងនេះ គឺដឹកចេញពីប្រទេសវៀតណាម តាមច្រកព្រំដែនស្រុកមេមត់ ដោយមានតែលិខិតអាជីវកម្មប៉ុណ្ណោះ។
ជាក់ស្តែង នៅក្នុងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ មានរថយន្តកូរ៉េចំណុះពីរតោនកន្លះ ដឹកជ្រូកក្រហម ០១គ្រឿង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់តាមផ្លូវជាតិលេខ៦A ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ខណៈកំពុងធ្វើដំណើរទៅខេត្តសៀមរាប។
អ្នកបើករថយន្តដឹកជ្រូកក្រហមនេះ បានប្រាប់អ្នកកាសែតក្នុងស្រុកថា គាត់បានដឹកជ្រូកទាំងនេះចេញពីខេត្តកំពង់ចាម ហើយការដឹកជញ្ជូនរបស់គាត់គឺមានលិខិតអនុញ្ញាតត្រឹមត្រូវ តែគាត់មិនបានបង្ហាញឲ្យឃើញលិខិតអនុញ្ញាតដូចការអះអាងនោះទ គឺគ្រាន់តែបង្ហាញលិខិ អាជីវកម្មដែលសរសេរអក្សរ មិនច្បាស់ស្ទើរតែរហែកទៅហើយ។
ប្រជាពលរដ្ឋមានមុខរបរជាអ្នកចិញ្ចឹមជ្រូក លក់ នៅតាមមណ្តាខេត្តជាច្រើន បានសម្តែងការព្រួយបារម្ភ ទៅលើតំលៃជ្រូកនៅលើទីផ្សារថា នឹងមានការធ្លាក់ចុះ ខណៈពេលដែលជ្រូកក្រហមរបស់វៀតណាម កំពុងតែនាំចូលមកកាន់ទីផ្សារក្នុងខេត្ត។ ម្យ៉ាងវិញទៀត ពួកគាត់បានសម្តែងការព្រួយបារម្ភទៅលើសាច់ជ្រូកវៀតណាម ដែលកំពុងតែលក់នៅលើទីផ្សារថា នឹងប៉ះពាល់សុខភាពរបស់អ្នកបរិភោគ ខណៈពេលដែលពួកគាត់មិនបានដឹងថា ជ្រូកមានជំងឺ ឬក៏អត់ ប្រសិនបើការនាំចូលមិនមានការពិនិត្យពីមន្ត្រីជំនាញច្បាស់លាស់ទេ។
អ្នករកស៊ីចិញ្ចឹមជ្រូកនៅកម្ពុជា បានឲ្យដឹងថា ពីមុខវៀតណាមតែងតែនាំជ្រូកទៅលក់នៅទីផ្សារ ក្នុងប្រទេសចិន ប៉ុន្តែនៅពេលនេះខាងចិន បានផ្អាកនាំចូលពីវៀតណាម ទើបធ្វើឲ្យក្រុមឈ្មួញវៀតណាម សម្រុកនាំជ្រូកមកកម្ពុជាតែម្តង។
សូមបញ្ជាក់ថា សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា និងក្រុមហ៊ុនចិញ្ចឹមជ្រូក រួមទាំងកសិករចិញ្ចឹមជ្រូកខ្នាតតូចផងដែរនោះ បានស្នើ និងសំណូមពរយ៉ាងទទូច ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទប់ស្កាត់ការនាំចូលជ្រូក មកកាន់ប្រទេសកម្ពុជា ព្រោះការបើកដៃឲ្យនាំចូលជ្រូកនេះ បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ការចិញ្ចឹមរបស់ពួកគាត់។
ការស្នើយ៉ាងទទូចរបស់ក្រុមអ្នកចិញ្ចឹមជ្រូកនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ផ្នែកឯកជន នៅអគ្គនាយកដ្ឋាន សភាពាណិជ្ជកម្មកម្ពុជា ក្រោមការចូលរួមពីលោកឧកញ៉ា ម៉ុង ឬទ្ធី សហប្រធានក្រុមការងារកសិកម្ម កសិឧស្សាហកម្ម ផ្នែកឯកជន និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមទាំងមានការអញ្ជើញចូលរួម ពីបណ្តាសមាគមអ្នកចិញ្ចឹមជ្រូក ក្រុមហ៊ុនធំ មធ្យម កសិករខ្នាតតូច និងអ្នកប្រកបរបរកសិកម្ម សរុបប្រមាណជាង៥០នាក់។
លោកឧកញ៉ា លឹម ហេង បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា ដោយសាតែមានសំណូមពរ យ៉ាងទទូចពីសមាជិក ដើម្បីពិភាក្សានិងចូលរួមជាមួយក្រសួង អនុវត្តលើសេចក្តីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលជ្រូករស់ពីប្រទេសជិតខាង ធ្វើឱ្យបះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការចិញ្ចឹមរបស់ពួកគាត់។ អង្គប្រជុំសហប្រធានក្រុមការងារ នឹងត្រូវលើកយកសំណើរ ទុកកង្វល់ទាំងអស់នេះ ដាក់ស្នើសុំ ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សុំប្រជុំជាអន្តរក្រសួង ដើម្បីឲ្យជួយរកដំណោះស្រាយជូនបងប្អូន។
សូមជម្រាបថា ក្នុងមួយថ្ងៃៗជ្រូករស់ប្រមាណ១០០០ក្បាល ត្រូវបាននាំចូលពីប្រទេសវៀតណាម មកផ្គត់ផ្គង់តម្រូវរបស់ ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជ្រូក១២០០ក្បាលក្នុងមួយថ្ងៃ។ ទាំងនេះមិនទាន់គិតពីតម្រូវការ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេសផង។ បើតាមសមាគមអ្នកជ្រូកកម្ពុជា១ថ្ងៃៗ កម្ពុជានាំចូលជ្រូកប្រមាណ៥០០០ក្បាល មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕