(កែប)៖ ពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ដែលបានប្រារព្វធ្វើដូចសព្វដង នៅសាលាខេត្តកែប ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកែប និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាល ខេត្តកែប និងជាប្រធានគណៈកម្មការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកែប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ប្រមូលថវិកាបានប្រមាណ៥៦,១២៩ដុល្លារអាមេរិក។
បន្ទាប់ពីបានប្រារព្ធពិធីតាមរបៀបវីរៈ ដែលបានគ្រោងទុក ដោយមានការអានរបាយការណ៌ ពីសកម្មភាពការងារកន្លងមក របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយលោក កែន សត្ថា និងការអានសេចក្តីថ្លែងការណ៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមជាតិកម្ពុជា ដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រួចមក អង្គពិធីបានរៀបចំ ពិធីរៃអង្គាសពីប្រធាន សមាជិក និងសប្បុរសជនគ្រប់ទិសទី បានទឹកប្រាក់សរុបជាដុល្លារចំនួន ៥៦,១២៩ដុល្លារអាមេរិក ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិកផងដែរ។
ថ្លែងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងការកោតសរសើរ ចំពោះសកម្មភាពរបស់សាខាកាកបាទក្រហម ខេត្តកែប ដែលរយៈពេលកន្លងមក តែងចុះជួយបានទាន់ពេលវេលា នូវរាល់បញ្ហា និងភាពប្រឈមនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចមានក្នុងរបាយការណ៍ស្រាប់។ ជាពិសេស លោកបានសង្កត់ធ្ងន់ ទៅលើការដឹកនាំដ៏វៀងវៃ ប្រកបដោយគតិបណ្ឌិត និងសន្តានចិត្តមុតស្រួច របស់សម្តេចកិត្តិបណ្ឌិត ប្រធានកាកបាទក្រហមជាតិកម្ពុជា រយៈពេល០៦អណត្តិកន្លងមក ដែលធ្វើឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិ ទទួលស្គាល់ តាមរយៈសកម្មភាពមនុស្សធម៌ ទៀងត្រង់ ស្របតាមគោលការណ៍គ្រឹះទាំង០៧យ៉ាង គឺសកលភាព-ឯកភាព-សេវាកម្មស្ម័គ្រចិត្ត-ឯករាជ្យភាព-ភាពមនុស្សធម៌-ភាពមិនលំអៀង-និងអព្យាក្រឹតភាព។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ថវិកាចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងអស់ គឺពិតជាបានចូលរួមធ្វើបុណ្យធំណាស់ បើគិតតាមផ្លូវព្រះពុទ្ធសាសនា ពីព្រោះថវិកា ដែលយើងគ្រប់គ្នាបានឧបត្ថម្ភនេះ ត្រូវបានកាកបាទក្រហមជាតិកម្ពុជា ដឹកនាំដោយសម្តេចកិត្តិបណ្ឌិត ចុះធ្វើសកម្មភាពជួយនៅគ្រប់ទីកន្លែង និងជាច្រើនមុខសញ្ញា រួមមានៈ ជនក្រីក្រ-ជនរងគ្រោះ និងជនងាយរងគ្រោះ-ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ-កុមារកំព្រា គរថ្លង់ កុមារខ្សោយសតិបញ្ញា និងជនចាស់ជរាគ្មានទីពឹងជាដើម។
ជាពិសេស កាកបាទក្រហមបានឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលកុមារ ទូទាំងប្រទេសដោយឥតគិតថ្លៃ ក្នុងមួយឆ្នាំ ចំនួន១លានដុល្លារអាមេរិក ដែលនេះជាបុណ្យកុសលធំណាស់ ស្របពេលដែលមន្ទីរពេទ្យកុមារមួយនេះ ត្រូវការជំនួយជាចាំបាច់ពីសប្បុរសជននានា៕