(កំពង់ចាម)៖ យុវជនចំនួន៦៣៣នាក់ រស់នៅក្នុងឃុំនានា ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីមើលឃើញថា គណបក្សមួយនេះ ពិតជាមានតម្លៃគ្រប់គ្រាន់សម្រាប់ពួកគេ ទាំងអតីតកាល ប្រវត្តិ និងស្នាដៃធំធេងចំពោះជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន នាពេលបច្ចុប្បន្ន ។
ក្នុងពិធីបញ្ចូលសមាជិកថ្មីបន្ថែមទាំងជាង៦០០នាក់ នៅស្រុកព្រៃឈ កាលពីម្សិលមិញ លោក ជ្រុន ថេរ៉ាវ៉ាត់ ប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានពន្យល់ពីសារសំខាន់របស់យុវជន ដែលជាកោសិកាសំខាន់ ជាកម្លាំងដ៏រឹងមាំ និងជាធនធានដ៏មានសក្កានុពលសម្រាប់ការចូលរួមកសាងប្រទេសជាតិ និងក្នុងការចូលរួម ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
លោកណែនាំដល់យុវជនគណបក្សប្រជាជនទាំងអស់ ត្រូវតែជាយុវជនដែលមានសមត្ថភាព មានសីលធម៌ មានគុណធម៌ ហើយត្រូវតែយល់ច្បាស់ពីគុណសម្បត្តិ គោលនយោបាយរបស់គណបក្ស ព្រមទាំងបកស្រាយ ប្រឆាំងរាល់ការឃោសនា អគតិនានា។ ទន្ទឹមនេះការចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី ៤មិថុនា ខាងមុខនេះ គឺជាភារកិច្ចសំខាន់របស់យុវជនក្នុងការការពារ ថែរក្សានូវសមិទ្ធិផលដែលមិនអាចកាត់ថ្លៃ បានរបស់គណបក្សប្រជាជនកម្ពុជា៕