(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ សូមឲ្យចូលរួមសហការជាមួយ គ.ជ.ប ដើម្បីឲ្យដំណើរការបោះឆ្នោត នាពេលខាងមុខនេះ ទទួលបានជោគជ័យដើម្បីសង្គម ជាតិរបស់យើងទាំងអស់គ្នា។
ការថ្លែងបែបនេះ របស់លោក ទេព នីថា ធ្វើឡើងក្នុងឱកាសដែលលោក បានចូលរួមក្នុងពិធីបើក វគ្គបណ្តុះបណ្តាលមន្ត្រី គណៈកម្មាធិការ រៀបចំការបោះឆ្នោត រាជធានីខេត្តទាំង២៥ តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សមា្រប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ។
អគ្គលេខា គ.ជ.ប បានថ្លែងថា «គ.ជ.ប បានបើកទូលាយកិច្ចសហការល្អ ស្មោះត្រង់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងរំពឹងថា គ្រប់ភាគីពាក់ព័ន្ធ នឹងបន្តកិច្ចសហការជាមួយ គ.ជ.ប ដើម្បីរៀបចំការបោះឆ្នោត ឲ្យបានសម្រេចជោគជ័យ ព្រោះថា គ.ជ.ប តែឯងពុំអាច នឹងសម្រេចការងារនេះបានឡើយ ការបណ្តុះបណ្តាល ការអប់រំអ្នកបោះឆ្នោតបានល្អ ការចាត់ចែងអនុវត្តការងារបោះឆ្នោតបានល្អ គឺជាការក្រាលផ្លូវដ៏ល្អ ឆ្ពោះទៅកាន់លទ្ធផលចុងក្រោយ ជាជោគជ័យនៃការបោះឆ្នោត ជោគជ័យនៃការរៀបចំការបោះឆ្នោតគឺជា ជោគជ័យរបស់ជាតិ និងជាជោគជ័យ របស់យើងទាំងអស់គ្នា»។
ជាមួយគ្នានេះ លោកបង្ហាញនូវក្តីរំពឹងកថា ការបណ្តុះបណ្តាលមន្ត្រី គ.ជ.ប រាជធានី-ខេត្ត តំណាងគណបក្សនយោបាយនិងអង្គការ សង្គមក្រៅរដ្ឋាភិបាលចំនួន១៥០នាក់់ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១-៣ ខែឧសភា ឆ្នាំ២០១៧ នឹងជួយឲ្យសម្រេចបាននូវ ការរៀបចំការ បោះឆ្នោតប្រកប ដោយជោគជ័យ នៅពេលខាងមុខនេះ។
សូមជម្រាបថា នៅសល់តែ៣៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕