(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ (ទទួលបន្ទុកស្រុកថ្មពួក) ជាមួយក្រុមកាងារ គណៈពង្រឹងមូលរដ្ឋានស្រុកថ្មពួក និងឃុំគោកកឋិន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៦៤០នាក់មកពីភូមិចំនួនបី គឺភូមិជម្លាសដៃ ភូមិតាសៀក និងភូមិតាត្រៃ ក្នុងឃុំគោកកឋិន នៅស្រុកថ្មពួក។
ពិធីនេះធ្វើឡើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពី ក្រុមកាងារពង្រឹងមូលរដ្ឋាន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលប្រារព្ធនៅមូលដ្ឋានភូមិតាត្រៃ។
ទេសរដ្ឋមន្ត្រី សេរី កុសល បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់សមាជិក សមាជិកា ប្រជាពលរដ្ឋទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីប្រវត្តិដ៏ជូរជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងសម័យតស៊ូ ជាក់ស្តែងនៅឃុំគោកកឋិន ដែលជាសមរភូមិប្រយុទ្ធត្រីភាគី ក្នុងសម័យសង្គ្រាម ហើយពេលនោះដែរ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ ហើយបាននាំសុខសន្តិភាព ស្ថិរភាព ពេញផ្ទៃប្រទេស។
ទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលទទួលបានយ៉ាងលំបាក។ យ៉ាងណាក៏ដោយ បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ។
ទេសរដ្ឋមន្ត្រី បានសុំឲ្យប្រជាពលរដ្ឋជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋរាភិបាល កម្ពុជា និងបន្តខិតខំពុះពារ គ្រប់ឧបសគ្គ រក្សាបាននូវ សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើន។
ក្នងឱកាសនោះ លោកបានចែកអំណោយជាថវិកាចំនួន១ម៉ឺនរៀល និងសារ៉ុងម្នាក់មួយជូនដល់ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ផងដែរ។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រីបានចងដៃដល់គូស្វាម៉ី ភរិយាយថ្មី ដែលកំពុងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ នៅក្នុងឃុំគោកកឋិននេះផងដែរ៕