(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ រួមដំណើរដោយលោក សោ សុវណ្ណ នាយករងរដ្ឋបាលខេត្ត ព្រមទាំងក្រុមការងារ ចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក កើត សុធា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពបានពេញលេញបរិបូណ៍ និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងខេត្តប៉ៃលិន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យខេត្តមួយនេះ ដែលកាលពីមុនជាសមរភូមិ ប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ប៉ុន្តែឥឡូវបានប្រែក្លាយជាខេត្ត មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដូចជាផ្លូវ ស្ពាន ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងសមិទ្ធិផលនានាជាច្រើនទៀត ដែលបម្រើដល់ផលប្រយោជន៍ពលរដ្ឋទាំងទីក្រុង និងជនបទ។
អភិបាលខេត្តបញ្ជាក់ថា សូមបងប្អូនត្រូវចូលរួមថែរក្សារសុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដោយបងប្អូនត្រូវត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ក្នុងមូលដ្ឋានឃុំ-សង្កាត់ កាន់តែរីកចំរើនបន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងឱកាសនោះ លោកអភិបាលខេត្ត ព្រមទាំងក្រុមងារ បាននាំយកស្បៀងអាហារ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ ដោយ១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម និងឃីត១កញ្ចប់៕