(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ជនសង្ស័យចែកចាយគ្រឿងញៀន៤នាក់ ដោយដកហូតបានថ្នាំ១១កញ្ចប់ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចកាស៊ីណូផ្កាយ៥ «ផារាមិច» ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុនឈានដល់ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជនមួយក្រុមកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ ក្រោយទទួលដំណឹងនេះភ្លាមៗ ​លោកបានដឹកនាំកម្លាំង ចុះធ្វើប្រតិបត្តិការតែម្ដង។

ជាក់ស្ដែងក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថឃាត់បានជនសង្ស័យ៤នាក់ ទី១៖ ឈ្មោះ ពាក់ វណ្ណេត ហៅ​ណេត អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ សុខ ភ័ណ អាយុ១៧ឆ្នាំ, ទី​៣៖ឈ្មោះ ភាព ជីវ័ន្ត អាយុ១៧ឆ្នាំ និងទី៤៖ឈ្មោះ តាន់ វាសនា ហៅ​ភក្ត្រ អាយុ២១ឆ្នាំ។ ក្នុងនោះ ជំនាញដកហូតបាន គ្រឿងញៀនមេតំហ្វេតាមីន ICE ចំនួន១១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូចំនួន០២គ្រឿង កាំបិតសាំម៉ូរ៉ៃចំនួន០១ដើម កាំបិតច្នៃដងដែកទីបចំនួន០១ដើម​។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានអាវុធហត្ថជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕