(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងថា នៅកម្ពុជាបច្ចុប្បន្ន មានក្រុមសហជីពស្ទើរតែ១០០% បានអះអាងថាខ្លួនជាអង្គការឯករាជ្យ ប៉ុន្តែឯករាជ្យ ឬមិនឯករាជ្យនោះ មិនមែនស្ថិតនៅលើមាត់ពួកគេនោះទេ, សហជីពដែលឯករាជ្យពិតប្រាកដ គឺសហជីពដែលបង្កើតឡើង ដោយអនុលោមតាមច្បាប់ និងគោរពច្បាប់បានត្រឹមត្រូវ ដោយហេតុថា មានតែច្បាប់ទេ ដែលជាខ្នាតវាស់ឯករាជ្យភាពនេះបាន។
ថ្លែងក្នុងពីធីអបអរសាទរខួបលើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅទីស្ដីការក្រសួងការងារ លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា «សហជីពសឹងតែ១០០% ដាក់ឯករាជ្យដោយខ្លួនឯង អះអាងថាខ្លួនឯករាជ្យ សួរថាឯករាជ្យភាពដោយរបៀបណា? អីចឹងខ្ញុំសូមជម្រាបថា អង្គការសហជីឯករាជ្យពិតប្រាកដ គឺត្រូវអនុលោមតាមច្បាប់ ព្រោះមានតែច្បាប់ទេ ដែលជាខ្នាតវាស់ឯករាជ្យភាព របស់អង្គការសហជីព និងអង្គការវិជ្ជាជីវៈ»។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ស្របពេលដែលមានក្រុមសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលគេដឹងថា ដឹកនាំដោយលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានដង្ហែរញត្តិដាក់ជូនរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែឧសភានេះផងដែរ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបន្តថា នៅកម្ពុជា សហជីពខ្លះបង្កើតឡើងដោយខ្លួនឯង, ខ្លះបង្កើតដោយគណបក្សនយោបាយ មានតាំងពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ប៉ុន្តែក៏មានសហជីពមួយចំនួន បង្កើតឡើងដោយពួកបរទេសដែរ ប៉ុន្តែឯករាជ្យភាពនេះ មិនមែនទាល់តែសហជីពនោះ បង្កើតឡើងចេញសមាគមបរទេស ទើបមានឯករាជ្យភាពនោះទេ អ្វីដែលជាខ្នាតវាស់នោះ គឺត្រង់ថាសហជីពនោះ បង្កើតឡើងស្របតាមបទប្បញ្ញតិ្តច្បាប់ ឬអត់ ធ្វើសកម្មភាពរបស់ខ្លួន ស្របតាមច្បាប់ ឬក៏អត់។
សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ លោក អាត់ ធន ក៏បានដឹកនាំក្រុមសហជីព និងក្រុមអង្គការសង្គមស៊ីវិល មួយចំនួន រួមមាន៖ ក្រុមអង្គការសង្គមស៊ីវិល ក្រុមសហជីព សមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) រួមទាំងបណ្តាញព្រះសង្ឃឯករាជ្យ ដែលមានសមាជិកចូលរួមប្រមាណ៥០០នាក់ ដើម្បីដង្ហែរញត្តិដាក់ជូនរដ្ឋសភានូវសំណើ៥ចំណុច៕