(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង៣ពាន់នាក់ រស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃ ដល់គេហដ្ឋាន។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៥០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួនជាង៣ពាន់នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៣១៩នាក់ ជំងឺស្ត្រី៣១៧នាក់ ជំងឺផ្លូវដង្ហើម១២៧នាក់ ជំងឺផ្លូវចិត្ត១២៥នាក់ ជំងឺឬសដូងបាត១៧៦នាក់ ជំងឺទឹកនោមផ្អែម៩៨នាក់ ជំងឺមាត់ធ្មេញ២៣៧នាក់ ជំងឺរាគចំនួន១៦៧១នាក់ និងអេកូសាស្ត្រ៣១៩នាក់។
លោក គង់ គុជ ប្រជាពលរដ្ឋដែលរស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និងអ្នកភូមិជាច្រើន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមដែលបានចុះមក ពិនិត្យព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ ហើយការចុះមកជួយរបស់ក្រុមគ្រូពេទ្យនេះ បានជួយដល់អ្នកភូមិស្រុកច្រើនណាស់ ដូចជាកាត់បន្ថយភាពក្រីក្រ ព្រោះអ្នកភូមិមានជីវភាពក្រីក្រ និងមានអ្នកជំងឺច្រើន។ ខ្ញុំក៏សូមស្នើឲ្យឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកជួយប្រជាពលរដ្ឋឲ្យ បានច្រើនដងថែមទៀត»។
អ្នកស្រី ង៉ែត សុផារ៉ា ប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ បានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះខ្ញុំពិតជាមានភាពរីករាយ សប្បាយចិត្តណាស់ដោយ មានការចុះមកជួយ ពិនិត្យព្យាបាលដោយឥតគិតថ្លៃរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី»។
អ្នកស្រីបន្ដថា «ការចុះមកជួយនេះ បានផ្ដល់ប្រយោជន៍ច្រើនណាស់ដ៏អ្នកភូមិឃុំកក់នេះ ព្រោះអាចជួយកុំឲ្យអ្នកស្រុកភូមិចំណាយលុយ ដើម្បីទិញថ្នាំ ហើយខ្ញុំក៏ដូចជាអ្នកស្រុកភូមិសូមស្នើសូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចុះមកជួយប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងញឹកញាប់»។
សូមបញ្ជាក់ថារយៈពេល៥២ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៦៣៦នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧១លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៩២០០៩នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧៕
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕