(ភ្នំពេញ)៖ លំនៅឋានដែលរដ្ឋាភិបាលគ្រោងនឹងសាងសង់លក់ សម្រាប់បំរើដល់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប នៅថ្ងៃនេះ បានចាប់ផ្ដើមសាងសង់ហើយ ដែលបានសហការជាមួយក្រុមហ៊ុន B&BM Development Co,.ltd សាងសង់ផ្ទះចំនួន៥,៣៤០ខ្នង មានផ្ទៃដីសរុប៩២ហិកតា ដែលក្នុងនោះទំហំផ្ទៃសំណង់មាន ៤២០,៩១៩ ម៉ែត្រការេ សំណង់ទីផ្សារមាន៤.៨ហិកតា ចំណត់រថយន្តក្រុង១.១៥ហិកតា ស្ថិតក្នុងភូមិស្នែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ពិធីបើកការដ្នានសាងសង់នេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងសម្ដេច
តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧកញ៉ា ប៊ុន ជេស្ហ ប្រធានក្រុមហ៊ុន B&BM Development Co,.ltd និងមន្រ្ដីពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា «នេះគឺជាការអនុវត្តនូវគោលនយោបាយស្ដី អំពីលំនៅឋានរបស់រាជរដ្ឋាភិបាលកម្ពុជា»។ លោកថា «គោលនយោបាយនេះ តំរង់ឆ្ពោះសម្រាប់សម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមានប្រាក់ចំណូលទាប ដែលចាត់ទុកថា នេះគឺជាចំណូមពរចាំបាច់ណាស់ ដែលបងប្អូនប្រជាពលរដ្ឋត្រូវការ»។
លោកបានបញ្ជាក់ថា អ្នកណាមួយក៏ដោយ ក៏ត្រូវការលំនៅឋាន ដើម្បីការរស់នៅប្រកបទៅដោយផាសុខភាព និងសុភមង្គល នេះគឺជាបំណង់ប្រាថ្នា អ្នកទាំងអស់គ្នា ហើយរដ្ឋាភិបាលធ្វើសាងសង់នេះ គឺក្នុងគោលបំណង់ ដើម្បីបំពេញនូវបំណង់ប្រាថ្នានេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ឧកញ៉ា ប៊ុន ជេស្ហ ប្រធានក្រុមហ៊ុន B&BM Development Co,.ltd បានឲ្យដឹងថា នៅក្នុងការទិញលំនៅឋាននេះ អតិថិជនត្រូវបង់ប្រាក់ចំនួន៣០%មុន នៅសល់៧០%ទៀត ត្រូវបង់រំលោះដោយក្នុង១ខែ គឺមានចំនួនចាប់ពី១៤២$ ដុល្លារឡើងទៅ ហើយចំពោះក្នុងករណី អតិថិជនមិនមានលទ្ធភាពបង់បន្តទៀត ឫមិនពេញចិត្តដោយប្រការណាមួយ អាចទទួលយកប្រាក់ដើមវិញ ដោយពុំមានការខាត់បង់ឡើយ។
ឧកញ៉ា ប៊ុន ជេស្ហ បានបន្ថែមថា «ជាទូទៅយើងលក់ មិនប្រកាន់ខាងណានោះទេ សំខាន់បំផុតប្រជាពលរដ្ឋ ដែលគាត់អាចមានប្រាក់កក់ និងប្រាក់ចំណូលចាប់ពី៣០០ដុល្លារ ឡើងទៅ ទើបពួកគាត់អាចស្វែងរកឯកសារសុំទិញបាន នឹងត្រូវបញ្ជាក់លើប្រាក់ខែជាមុនសិន»។
សូមជម្រាបថា ក្នុងការបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ជាការអនុវត្តន៍គំរោង នៅលើផ្ទៃដីទំហំ៨២២,១៦០ ម៉ែត្រការេក្រឡា ដោយសាងសង់លំនៅឋានចំនួន៥.៣៤០ខ្នង ក្នុងនោះប្រភេទ លំនៅឋាន ទំហំ (៤.១ម៉ែត្រ គុណ១៣ម៉ែត្រ)ចំនួន៨៦៤ខ្នង និងប្រភេទលំនៅឋានទំហំ (៥.១ម៉ែត្រ គុណ៧.២ម៉ែត្រ) ចំនួន៤.៤៧៦ខ្នង។ លំនៅឋានទាំងនេះ ក្រុមហ៊ុននឹងលក់តម្លៃចាប់ពី២៣,៥០០ឡើងទៅ ហើយចំពោះផែនការសាងសង់ ក្រុមហ៊ុនគ្រោងនឹងសង់លំនៅឋានចំនួន៥០០ខ្នង ជារៀងរាល់ឆ្នាំ គ្រោងនឹងសាងសង់រួចនៅ
ក្នុងរយៈពេល៣ឆ្នាំ ហើយក្នុងគម្រោងនេះផងដែរ ក្រុមហ៊ុនចំណាយប្រមាណ ៧០លានដុល្លារ៕