(ភ្នំពេញ)៖ ក្រោយពីមានកាប្រកួតប្រជែងឡើងស្វិតស្វាញអស់រយៈពេលប៉ុន្មានម៉ោងទីបំផុត យើងបានរកឃើញម្ចាស់ជ័យលាភីប្រណាំងកង់ និងរត់ពាក់កណ្ដាលម៉ារ៉ាតុងហើយ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ។
កម្មវិធីនេះ បានចាប់ផ្តើមចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដោយចូលរួមពីសំណាក់កីឡាករប្រណាំងកង់ប្រមាណ២០រូប ដែលក្នុងនោះ មានកីឡាករប្រណាំងកង់ជម្រើសជាតិ និងកីឡាករពាក់កណ្ដាលម៉ារ៉ាតុងផងដែរ។
ម្ចាស់ជ័យលាភីទាំងនេះ រួមមានម្ចាស់ជ័យលាភីផ្នែកប្រណាំងកង់ មានចំនួន៥នាក់ ដោយចំណាត់ថ្នាក់លេខ១បានទៅលើលោក គីម សាន ចំណាត់ថ្នាក់លេខ២ បានទៅលើលោក Mohd Raxif ចំណាត់ថ្នាក់លេខ៣បានទៅលើលោក មាន សំណាង ចំណាត់ថ្នាក់លេខ៤បានទៅលើលោក អេង លីន និងចំណាត់ថ្នាក់លេខ៥បានទៅលើលោក Song Demong។ ដោយឡែកសម្រាកម្ចាស់ជ័យលាភីផ្នែករត់ពាក់កណ្ដាលម៉ារ៉ាតុង ចំណាត់ថ្នាក់លេខ១ ទទួលបានទៅលើលោក បូ សំណាង ចំណាត់ថ្នាក់លេខ២ បានទៅលើលោក ហេង ម៉េងជូ ចំណាត់ថ្នាក់លេខ៣បានទៅលើលោកAnneliese Tomas។
កម្មវិធីសប្បុសធម៌នេះ ត្រូវបានរៀបចំឡើង ដោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងបំណងចូលរួមជួយកិច្ចការសង្គមជាមួយ
រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រមូលថវិកាយកទៅជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបត្ថម្ភសម្ភារសិក្សាដល់សាលាដែលមាន
ការខ្វះខាត នៅតាមបណ្ដាខេត្តមួយចំនួន។
លោក លាង ពៅ អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែរវើរីជីស បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧
នេះថា ក្រុមហ៊ុននឹងទទួលរ៉ាប់រ៉ងរាល់ការចំណាយទាំងអស់ ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះ ដូច្នេះថវិកាដែលទទួលបាន
ពីការលក់សំបុត្រទាំងស្រុង នឹងយកទៅជួយសាលាខ្វះខាតទាំងអស់។
លោក ប៊ុន សុខ ប្រធានសហព័ន្ធអត្តពលកម្មខ្មែរស្ម័គ្រចិត្ត បានថ្លែងថា ការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុង រួមមាន៖
* ចម្ងាយ២១គីឡូម៉ែត្រ៖ លេខ១ទទួលបានថវិកា ១,០០០ដុល្លារ, លេខ២ទទួលបាន ៥០០ដុល្លារ និងលេខ៣ទទួលបាន ៣០០ដុល្លារ។
* ចម្ងាយ១០គីឡូម៉ែត្រ៖ លេខ១ទទួលបានថវិកា ៥០០ដុល្លារ, លេខ២ទទួលបាន ៣០០ដុល្លារ និងលេខ៣ទទួលបាន ១០០ដុល្លារ។
* និងចម្ងាយ៣គីឡូម៉ែត្រ។
ចំណែកការប្រណាំងកង់មានចម្ងាយ ១០០គីឡូម៉ែត្រ ដោយលេខ១ទទួលបានថវិកា ១,៥០០ដុល្លារ, លេខ២ទទួលបាន ១,០០០ដុល្លារ, លេខ៣ទទួលបាន ៥០០ដុល្លារ, លេខ៤ទទួលបាន ៣០០ដុល្លារ និងលេខ៥ទទួលបានថវិកា ២០០ដុល្លារ។
លោក ប៊ូ ជុំសិរី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នេះ ក៏ជាការចូលរួមជំរុញដល់អត្តពលិកកម្ពុជា ឲ្យមានស្មារតី និងចូលរួមស្រឡាញ់កីឡាកាន់តែបានផុសផុល ដើម្បីត្រៀមខ្លួនចូលប្រកួតក្នុងកីឡា SEA Game នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពេលនោះ»។
សូមជម្រាបថា កន្លងមក ក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ក៏បានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា ចំនួន៣ នៅរាជធានីភ្នំពេញ រួមមាន៖ វិទ្យាល័យ ជា ស៊ីម សាមគ្គី, វិទ្យាល័យទួលអំពិល និងសាលាបឋមសក្សា-អនុវិទ្យាល័យដង្កោ ផងដែរ៕