(បន្ទាយមានជ័យ)៖ អតីតសកម្មជន CNRP ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះថា ពួកគាត់អស់សង្ឃឹម ក្នុងការដឹកនាំរបស់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ប្រធានបក្សបច្ចុប្បន្ន ដែលតែងតែបោះបង់សមាជិក សមាជីកា ជាពិសេសសន្យាគ្មានតម្លៃ ស្មើនិងសន្យាខ្យល់ រហូតបានបែកបាក់គ្នា ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។
ថ្លែងបែបនេះ ក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាល សមាជិក សមាជីកា ប្រជាពលរដ្ឋប្រមាណ២,០០០នាក់ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
អតីតសកម្មជន CNRP បញ្ជាក់ថា «ពួកខ្ញុំជាសមាជិក CNRP ជាច្រើនឆ្នាំ មិនដែលឃើញថ្នាក់ដឹកនាំ បានចុះជួយដល់ប្រជាពលរដ្ឋម្តងណាឡើយ ឲ្យតែពេលជិតបោះឆ្នោត ក្រុមពួកគេបានឃោសនាថា បើបក្សយើងជាប់ឆ្នោត គឺប្រជាពលរដ្ឋ និងចាស់ជរា ទទួលបានប្រាក់ឧបត្ថម្ភក្នុង១ខែ ៤ម៉ឺនរៀល និងមានការអភិវឌ្ឍន៍គ្រប់បែបយ៉ាង តែទទួលបាននូវលទ្ធិផលគ្មានលេខដាក់»។
សូមបញ្ជាក់ថា ក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ ជំរុញឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា កៀកស្មារគ្នាចុះទៅពន្យល់ដល់ផ្ទះពលរដ្ឋ ដើម្បីឲ្យពួកគាត់ បានទៅបោះឆ្នោតទាំងអស់គ្នា។
បើតាមឧបនាយករដ្ឋមន្ដ្រី «យើងទាំងអស់គ្នា ត្រូវតែរួមសាមគ្គីកៀកស្មាគ្នា ចុះទៅពន្យល់ដល់ប្រជាពលរដ្ឋនៅតាមផ្ទះ រាប់ទាំងសាច់ញតិរបស់ខ្លួនផ្ទាល់ផងដែរ ដើម្បីឲ្យពួកគាត់នាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្តទៀត»។
ជាមូយគ្នានោះ លោក កែ គឹមយ៉ាន បានឧបត្ថម្ភ ដល់សមាជិក-សមាជិកា ក្នុងម្នាក់ៗទទួលបាន សារុង១, គណបក្សឃុំនិមិត្ត ថវិកា១លានរៀល និងមណ្ឌលសុខភាពនិមិត្ត ៥០ម៉ឺនរៀល៕