(រតនគិរី)៖ ទេសរដ្ឋមន្ត្រី លី ធុជ អគ្គលេខធិការអាជ្ញាធរមីន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន មានន័យថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីបន្តសន្តិភាព និងបន្តការអភិវឌ្ឍ»។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញចុះទៅសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនជនពិការដោយសារមីន មេកន្ទ្រាញ ចាស់ទុំក្នុងភូមិ និងបងប្អូនប្រជាពលរដ្ឋ នៅភូមិផ្លង់ ឃុំបាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្នុងពិធីសំណេះសំណាលទេសរដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយ លោកទេសរដ្ឋមន្ត្រី បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានជំនឿទុកចិត្ត លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ពីព្រោះសម្តេចតេជោ មានសមត្ថភាព និងបទពិសោធន៍ គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស។ សម្តេចបានដឹកនាំប្រទេសទាំងពីបាតដៃទទេ ប្រទេសកម្ពុជា គ្មានស្ថេរភាពនយោបាយ អសន្តិសុខ មានតំបន់ត្រួតត្រា ពីរ បី ហើយត្រូវគេហ៊ុព័ទ្ធសេដ្ឋកិច្ច រហូតប្រទេសកម្ពុជា មានស្ថេរភាពនយោបាយ ឯកភាពជាតិ និងការរីកចម្រើនឥតឈប់ឥតឈរ លេចមុខលេចមាត់លើឆាកអន្តរជាតិ ដូចសព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋអំពីសោកវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារសង្គ្រាមនាពេលកន្លងមក ហើយវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសង្គមយ៉ាងខ្លាំង។ ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង នៅតែទទួលរងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះ ដែលធ្វើឲ្យមនុស្ស ស្លាប់ និងពិការជាច្រើនជារៀងរាល់ឆ្នាំ៕