(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រារព្ធទិវា «ពលកម្មអន្តរជាតិ» នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមត្រីភាគីធំៗ រួមមាន៖ តំណាងកម្មករនិយោជិត សមាជីពគ្រប់លំដាប់ថ្នាក់ សមាគមនិយោជក និងអង្គការវិជ្ជាជីវៈ ប្រមាណជា៤៥០នាក់ នៅទីស្តីការក្រសួងការងារ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារចុះផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ក្រៅពីក្រសួងការងារ បានរៀបចំប្រារព្ធទិវានេះ នៅតាមគ្រប់រាជធានី ខេត្តទូទាំងប្រទេស ក៏បានប្រារព្ធទិវា «ពលកម្មអន្តរជាតិ» គម្រប់ខួបទី១៣១ ក្រោមប្រធានបទ «ដើម្បីសន្តិភាពការងារ មុខរបរ និងអភិវឌ្ឍន៍» ទៅតាមទីកន្លែង កម្មវិធីរៀងៗខ្លួនផងដែរ។
ជាមួយគ្នានោះដែរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការងារ ក៏បានរៀបចំពិធីប្រកួតផ្តាច់ព្រាត់កម្មវិធី «សម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧» ដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ជាការកត់សំគាល់ ក្រសួងការងារបានរៀបចំទិវានេះជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះ ទិវា «ពលកម្មអន្តរជាតិ» បានប្រព្រឹត្តទៅកាន់តែសកម្ម និងផុសផុល ដែលកើតចេញដោយសារតែកម្ពុជា មានសុខសន្តិភាព ស្ថេរភាព រក្សាបានកំណើនសេដ្ឋកិច្ច មានទំនាក់ទំនងល្អជាមួយកម្មករនិយោជិត និងនិយោជកជាដើម៕