(សៀមរាប)៖ យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរ ដោយទទួលសិទ្ធិគ្រប់គ្រងចំណូល នៃការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភានេះ បានបញ្ជាក់ថា រយៈពេល៤ខែដំបូងឆ្នាំ២០១៧នេះ ការលក់បណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូល ជិត៤០លានដុល្លារអាមេរិក កើនឡើង៦០% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។
គ្រឹះស្ថានអង្គរបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៧ ភ្ញៀវទេសចរចំនួន ៩៤៥,៣៦៦នាក់ បានទិញបណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូល សរុបចំនួន៣៩,២៥២,៥៩០ ដុល្លារអាមេរិក។
ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ភ្ញៀវទេសចរបរទេសចំនួន១៨១,២២០នាក់ បានទិញបណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូលសរុប ៨,៣៩៦,៧៣៥ដុល្លារ កើនឡើង១០២%។ ដោយក្នុងនោះត្រូវបង់ចូលថវិកាជាតិចំនួន៨,០៣៤,២៩៥ដុល្លារ និងឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា ចំនួន៣៦២,៤៤០ដុល្លារ។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕