(បាត់ដំបង)៖ ជនជាតិចិនម្នាក់ បានដើរយាមល្បាតពេលយប់ ក្នុងទីតាំងក្រុមហ៊ុន «វាង កាង» ជារោងចក្រកែច្នៃម្សៅមី ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ស្រាប់តែផ្ទាំងកញ្ចក់ធំៗជាច្រើន ដែលមានទម្ងន់ជាង២តោន រំលំសង្កត់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។
លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ បុគ្គលិកក្រុមហ៊ុន បានដឹកជនរងគ្រោះមកដល់មន្ទីរពេទ្យខេត្ត ទើបដឹងថា ស្លាប់ហើយ លុះព្រឹកឡើងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយព្រះរាជអាជ្ញាសាលាដំបូង បានចុះពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារស៊ុមកញ្ចក់ទម្ងន់ធ្ងន់ជាង២តោន ធ្លាក់សង្កត់លើពិតប្រាកដមែន។
បើតាមលោកស្នងការរង ជនជាតិចិនរូបនេះ ឈ្មោះ FAN JINXIN អាយុ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនខាងលើ ស្រុកកំណើតរស់នៅខេត្តហ៊ួណាន ប្រទេសចិន។
បច្ចុប្បន្នសពជនរងគ្រោះ តម្កល់ទុកនៅមន្ទីរពេទ្យខេត្ត រង់ចាំប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅភ្នំពេញធ្វើបុណ្យតាមប្រពៃណី៕