(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ ជំរុញឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា កៀកស្មារគ្នាចុះទៅពន្យល់ដល់ផ្ទះពលរដ្ឋ ដើម្បីឲ្យពួកគាត់ បានទៅបោះឆ្នោតទាំងអស់គ្នា។
ការលើកឡើងខណៈដែលលោកដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំនួន២,១៤៤នាក់ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីណែនាំពីការងារពង្រឹងបក្ស និងការងារឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេច ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូ ចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៅគ្រប់ទីកន្លែងទាំងអស់។
លោកសង្កត់ធ្ងន់ថា មិនមែនបុគ្គលណាម្នាក់រាប់ទាំងរូបលោកផ្ទាល់ ដែលអាចដណ្ដើមជ័យជំនះជូនបក្សបាន ដោយគ្មានកម្លាំងសាមគ្គីភាពនោះឡើយ ដើម្បីបក្ស និងដើម្បីការពារ សុខសន្តិភាព ស្តិរភាព ដែលមានដូចសព្វថ្ងៃនេះឲ្យគង់វង្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាខំប្រឹងប្រែងខ្លាំងណាស់ សម្រាប់ការដឹកនាំប្រទេសជាតិដោយមានដូចសព្វថ្ងៃនេះ។
បើតាមឧបនាយករដ្ឋមន្ដ្រី «យើងទាំងអស់គ្នា ត្រូវតែរួមសាមគ្គីកៀកស្មាគ្នា ចុះទៅពន្យល់ដល់ប្រជាពលរដ្ឋនៅតាមផ្ទះ រាប់ទាំងសាច់ញតិរបស់ខ្លួនផ្ទាល់ផងដែរ ដើម្បីឲ្យពួកគាត់នាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្តទៀត»។
ជាមូយគ្នានោះ លោក កែ គឹមយ៉ាន បានឧបត្ថម្ភ ដល់សមាជិក-សមាជិកា ក្នុងម្នាក់ៗទទួលបាន សារុង១, គណបក្សឃុំនិមិត្ត ថវិកា១លានរៀល និងមណ្ឌលសុខភាពនិមិត្ត ៥០ម៉ឺនរៀល៕