(តាកែវ)៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ពេជ សោភ័ន បានចោទថា លោក ជុន ច័ន្ទបុត្រ ដែលបន្លំខ្លួនចូលពន្ធនាគារ ពិតជាមានចេតនាយកលេសនេះ ដើម្បីផ្សព្វផ្សាយបំភ្លៃដល់ប្រជាពលរដ្ឋ ឱ្យប្រឆាំង និងស្អប់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស់ បានលើកឡើងបែបនេះ ពន្យល់ដល់ប្រជាពលរដ្ឋ នាគ្រាដែលលោក អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិល្បៈ នៃការឃោសនា និងការផ្សព្វផ្សាយ ច្បាប់ និងនីតិវិធី ស្តីពីការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដល់បេក្ខជនក្រុមប្រឹក្សាឃុំពេញសិទ្ធិ និងភ្នាក់ងារគណបក្ស ភ្នាក់ងារសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងភ្នាក់ងារសង្កេតការណ៍ជាតិជាស្រ្តី ក្នុងស្រុកព្រៃកប្បាស កាលពីម្សិលមិញ។
លោក ពេជ សោភ័ន បានថ្លែងយ៉ាងដូច្នេះថា៖ « នាថ្មីៗនេះ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ធ្វើអ្នកកាសែតសុខៗសុទ្ធតែថាឯករាជ្យ ប៉ុន្តែលួចមកបន្លំជាជំនួយការ មូរ សុខហួរ និង ឡុង រី ចូលទៅមើលអ្នកទោសគ្នាគេនៅព្រៃស បន្លំគេ ដល់ពេលគេចាប់បាន រត់ចោលស្រុក»។
លោកបានចាត់ទុកថា ការបន្លំខ្លួនចូលទៅកាន់ពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ គឺជាមហិច្ចតាមួយ ដែលមានចេតនាអាក្រក់ ក្នុងការផ្សព្វផ្សាយវាយប្រហាររាជរដ្ឋាភិបាល នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកថ្លែអថា៖ «ដោយសារតែ តណ្ហា មោហៈ ចង់ចូលទៅក្នុងគុក ដើម្បីចុះផ្សាយបំភ្លៃដល់ប្រជាពលរដ្ឋ ឱ្យប្រឆាំងរដ្ឋអំណាច»។
សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និង លោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
ក្រោយមានករណីនេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក ឡុង រី និង លោកស្រី មូរ សុខហួរ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី កាលពីថ្ងៃទី២៧ និង ២៨ ខែមេសា ឆ្នាំ២០១៧ ព្រមទាំងបានកោះហៅ លោក ជុន ច័ន្ទបុត្រ ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ។
ប៉ុន្តែទោះជាយ៉ាងណា ព័ត៌មានចុងក្រោយ បានបង្ហាញថា លោក ជុន ច័ន្ទបុត្រ ដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែមេសា ទៅប្រទេសថៃនោះ បានសម្រេចចាកចេញពីប្រទេសថៃ ទៅកាន់សហរដ្ឋអាមេរិក កាលពីម្សិលមិញ ដោយមិនមកចូលបំភ្លឺជូនតំណាងអយ្យការឡើយ។
ក្រៅពីលើកឡើងចំពោះករណី លោក ជុន ច័ន្ទបុត្រនេះ លោក ពេជ សោភ័ន ក៏បានរិះគន់គណបក្សប្រឆាំងថា មានចេតនាក្នុងបង្កាត់ភ្លើងបង្កើតបដិវត្តពណ៌នៅកម្ពុជា ដែលស្តែងឱ្យឃើញនាពេលកន្លងទៅ។ លោកថ្លែងថា « ចង់ធ្វើនាយករដ្ឋមន្រ្តី ដល់តែបោះឆ្នោះត្រឹមត្រូវ មិនព្រមធ្វើនោះទេ សុខចិត្តទៅតាមផ្លូវទឹក សុទ្ធតែថា “ហ៊ុន សែន អើយចុះចេញទៅ បើិមិនចុះទេអង្រួនឱ្យធ្លាក់” បង្កើតជាបដិវត្តន៍ពណ៌ចង់ទម្លាក់គេ ដល់ទៅស្រែកបែបនេះ ខ្លាចគេខឹង ឥឡូវមួយថ្ងៃៗដេកមិនលក់»៕