(ភ្នំពេញ)៖ អ្នកនាំចេញអង្ករទៅកាន់ផ្សារបរទេស បានបង្ហាញនូវក្តីមិនពេញចិត្ត ចំពោះការកំណត់យកកម្រៃ ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដោយកំណត់យកកម្រៃ០.៥ដុល្លារ ក្នុង១តោន សម្រាប់អង្ករស និង១ដុល្លារសម្រាប់អង្ករក្រអូប ពីបណ្តាក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ដែលបាននាំចេញអង្ករ ជាសមាជិករបស់សហព័ន្ធ។
អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ AMRU RICE លោក សុង សារ៉ន បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ក្រុមហ៊ុនលោក ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀត មិនពេញចិត្តឡើយ ចំពោះការកំណត់កម្រៃ រដ្ឋបាលរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានតម្លៃ ខ្ពស់ពេក ហើយមានមួយចំនួនតូចប៉ុណ្ណោះ ដែលបង់សេវានេះ។
លោក សុង សារ៉ន បានយល់ឃើញថា ការបង់ថ្លៃរដ្ឋបាលរបស់សហព័ន្ធគួរតែមិនត្រូវគិតថ្លៃ ឬត្រឹមតែ០.២៥ដុល្លារក្នុង១តោនបានហើយ, មិនគួរដល់១ដុល្លារក្នុង១តោនទេ ព្រោះក្រុមហ៊ុននាំចេញត្រូវប្រកួតប្រជែងតម្លៃ នៅលើទីផ្សារទៅហើយ មិនគួរណាឡើយត្រូវបន្ថែមថ្លៃដើម លើការចំណាយផ្សេងៗទៀតឡើយ។
អគ្គនាយកក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា ចំពោះថ្លៃចំណាយរដ្ឋបាល របស់សហព័ន្ធស្រូវអង្ករ គួរតែស្វះស្វែងរកជំនួយពីដៃគូអភិវឌ្ឍន៍ ផ្សេងៗ ជាជាងការដាក់បន្ទុកមកលើក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ដែលត្រូវចំណាយច្រើននោះ ហើយសហព័ន្ធក៏មិនបាន ស្វែងរកទីផ្សារ ឲ្យក្រុមហ៊ុននាំចេញដែរ។
ឆ្លើយតបនិងបញ្ហាលើកឡើង របស់ក្រុមហ៊ុននាំចេញ ពាក់ព័ន្ធនឹងវិភាគទានការនាំចេញនេះ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានថ្លែងប្រាប់អង្គភាព Fresh News ថា ការកំណត់យកវិភាគទាន ពីការនាំចេញអង្ករ របស់ក្រុមហ៊ុន ឬរោងម៉ាស៊ីន កិនស្រូវនេះ ធ្វើឡើងស្របតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសមាជិក របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមតិភាគច្រើនគាំទ្រ ឲ្យមានការកំណត់តម្លៃយ៉ាងដូច្នេះ ពោលគឺសម្រាប់ការនាំចេញអង្ករស១តោន ត្រូវបង់ឲ្យសហព័ន្ធ០.៥ដុល្លារ ខណៈអង្ករក្រអូប ត្រូវបង់១ដុល្លារ ហើយការបង់នេះ មិនមែនតែទីផ្សារចិននោះទេ គឺគ្រប់ទីផ្សារទាំងអស់។
លោកអគ្គលេខាធិការ បានលើកឡើងទៀតថា សម្រាប់ថវិកាដែលប្រមូលបានពី ការបង់វិភាគទានការនាំចេញ របស់សមាជិកនេះ ត្រូវបានចំណាយ ទាំងស្រុងលើផ្នែករដ្ឋបាលដូចជា ការបើកប្រាក់ខែឲ្យបុគ្គលិក ដែលមានរហូតដល់តាមបណ្តាខេត្ត និងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីបម្រើ ដល់វិស័យស្រូវអង្ករកម្ពុជា។
លោកបញ្ជាក់ទៀតថា ចំពោះថវិកាដែលសហព័ន្ធត្រូវចំណាយក្នុង១ឆ្នាំៗ មានប្រមាណពី៧០ទៅ៨០ម៉ឺនដុល្លារអាមេរិកក្នុងនោះពី ៣០ទៅ៤០ភាគរយ បានពីការបង់វិភាគទានការនាំចេញអង្ករ របស់សមាជិក ហើយក្រៅពីនោះបានពីការវិភាគទានរបស់ ប្រធានសហព័ន្ធស្រូវអង្ករ លោក សុខ ពុទ្ធីវុធ រួមទាំងសមាជិកមួយចំនួន និងខ្លះទៀតបានពីជំនួយរបស់ដៃអភិវឌ្ឍន៍។
លោក មូល សារិទ្ធី បានបញ្ជាក់ថា បើគិតពីការងារដែលសហព័ន្ធស្រូវអង្ករកម្ពុជា ជួយដល់ក្រុមហ៊ុន និងម៉ាស៊ីនកិនស្រូវ នាំចេញអង្ករ គឺមានច្រើនសន្ធឹកសន្ធាប់ ដោយសហព័ន្ធបានធ្វើការប្រជុំតស៊ូមតិឲ្យការ ទម្លាក់តម្លៃលើកដាក់កុងតឺន័រតាមកំពង់ផែ ការបញ្ចុះតម្លៃ ដឹកជញ្ជូន ការអនុគ្រោះពន្ធលើអាករបន្ថែម (VAT) ជាដើម ដែលកិច្ចការទាំងអស់នេះ បានជួយសម្រួលថ្លៃដើម ដល់អ្នកនាំចេញ បានជាច្រើនផងដែរ ដូច្នេះក្រុមហ៊ុន និងរោងម៉ាស៉ីននាំចេញអង្ករ គួរតែបង់វិភាគទានជូនសហព័ន្ធ ដើម្បីបម្រើដល់វិស័យ ស្រូវអង្ករទាំងមូល៕