(កណ្ដាល)៖ ដោយសាររង់ចាំ អស់យៈពេលច្រើនឆ្នាំ មិនទាន់ឃើញមានដំណោះស្រាយ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានអំពាវនាវសារជាថ្មី សុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តា អន្តរាគមន៍ជួយពន្លឿន ក្នុងការដោះស្រាយ ផ្តល់ដីជូនពួកគាត់ឲ្យបានឆាប់រហ័ស ជៀសវាងការរំលោភបំពាន យកដីពួកគាត់ពីជនខិលខូចមួយចំនួន ដោយបានលួចកាច់បង្គោលរបង និងបំផ្លិចបំផ្លាញ ផលដំណាំរបស់ពួកគាត់អស់ជាច្រើន កាលពីថ្មីៗនេះជាបន្តបន្ទាប់ ខណៈអាជ្ញាធរមូលដ្ឋាន មិនជួយរកដំណោះស្រាយ ជូនពួកគាត់នោះទេ។
អ្នកស្រី យឺន សុខន ពលរដ្ឋម្នាក់ ក្នុងចំណោពលរដ្ឋម១៦គ្រួសារ ដែលបានកាន់កាប់ដីកសិកម្ម ប្រមាណជាជាង៤៤ហិកតា នៅចំណុចបឹងតាជោ ស្ថិតក្នុងភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល តាំងពីដូនតាមក បានធ្វើការចោទប្រកាន់ទៅលើឈ្មោះ ហយ វ៉ៃ និងបក្ខពួកថា បានលួចកាច់បង្គោលរបងព្រំដីរបស់ពួកគាត់ អស់ប្រមាណជិត៥០ដើម ហើយភាគីទំនាស់ផ្សេងទៀត ក៏បានមកកាប់ដើមចេក នៅលើដីបង្កបង្កើនផលរបស់ពួកគាត់ អស់ជិត២០០ដើមទៀតផង។ អ្នកស្រីបញ្ជាក់ថា ដោយសារបង្គោលព្រំដី ត្រូវបានជនខិលខូចនាំគ្នា លួចកាច់បំផ្លាញចោល ជាបន្តបន្ទាប់ ទើបពួកគាត់បានជួលគ្រឿងចក្រអេស្កាវ៉ាទ័រ មកជីកធ្វើជាក្រវ៉ាត់ព្រំដីបន្ថែមទៀត តែត្រូវបានអាជ្ញាធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចុះទៅហាមឃាត់មិនឲ្យធ្វើនោះទេ កាលពីលសប្តាហ៍មុនដោយសំអាងថា ការជីកដីមិនបានសុំច្បាប់ ពិសេសដីនោះ ជាដីមានទំនាស់នៅឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក ហយ វ៉ៃ ដែលត្រូវបានគេដឹងថា ជាអ្នករត់ការលក់ដីខាងលើទៅឲ្យ លោក ខៀវ ពិសេស ដែលបានមកតវ៉ាជាមួយពលរដ្ឋ១៦គ្រួសារ មិនឲ្យជីកព្រំដីនោះ បានអះអាងថា ខ្លួនមិនបានលួចកាច់បង្គោល ដូចការចោទប្រកាន់នោះឡើយ ហើយថា ការហាមឃាត់មិនឲ្យមានការ ជីកដីធ្វើព្រំនោះ ព្រោះតែប៉ះពាល់លើដីរបស់លោក ដែលបានលក់ទៅឲ្យភាគីទី៣ផ្សេងទៀត។
គួររំឭកថា ប្រជាពលរដ្ឋចំនួន១៦គ្រួសារខាងលើ បានកាន់កាប់អាស្រ័យផល លើដីទំនាស់នោះ តាំងពីដូនតាមក ដោយបានកាប់ឆ្ការានព្រៃ ប្រឈមទៅនឹងគ្រាប់មិនទាន់ផ្ទុះ និងសត្វសាហាវផ្សេងៗជាច្រើន។ លុះដល់ឆ្នាំ២០០៧ មានក្រុមហ៊ុនស៊ីនដាយ បានយកគ្រឿងចក្រមកជីកព័ទ្ធ និងអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ។ តែដោយសារមានការតវ៉ា និងមានការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញស.ជ.ណ លេខ ៥៦៣ ប្រគល់ដីនោះជូនពលរដ្ឋវិញ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០០៨ ម្តងរួចមកហើយ។ ស្រាប់តែចុងឆ្នាំ២០០៨ លោក ខៀវ ពិសេស បានយកដីនោះទៅលក់ឲ្យភាគីទី៣ ទី៤ ជាបន្តបន្ទាប់ ដោយមានការចុះហត្ថលេខា ពីអាជ្ញាធរស្រុកខ្សាច់កណ្តាល ទើបនាំឲ្យកើតជម្លោះរហូតមក។
ក្រោយពីកើតមានជម្លោះរុំារ៉ៃជាច្រើនឆ្នាំ លោកបណ្ឌិត ម៉ៅ ភិរុណ កាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ បានកោះអញ្ជើញភាគីទំនាស់ ខាងប្រជាពលរដ្ឋ១៦គ្រួសារ គឺលោក លុយ ស៊ីលិញ តំណាងពលរដ្ឋទាំង១៦គ្រួសារ និងលោក ខៀវ ពិសេស ព្រមទាំងមានការចូលរួមពីអាជ្ញាធរ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមចូលរួមបំភ្លឺ។ បន្ទាប់មកលោកបណ្ឌិត បានច្រានចោលទាំងស្រុង រាល់ការទិញលក់ណា ដែលធ្វើក្រោយអនុក្រឹត្យសម្តេចនាយករដ្ឋមន្រ្តី និងបានប្រគល់ដីនោះទៅឲ្យយពលរដ្ឋវិញ។
សូមបញ្ជាក់ថា ក្រោយការហាមឃាត់មិនឲ្យជីកធ្វើព្រំដី ពលរដ្ឋក៏បានយល់ព្រមផ្អាកទាំងបង្ខំចិត្ត តែដោយសារមានជនខិលខូច មករំលោភដីពួកគាត់ ជាបន្តបន្ទាប់ ទើបពលរដ្ឋអំពាវនាវ ទៅដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មេត្តាជួយដោះស្រាយផ្តល់យុត្តិធម៌ ជូនពួកគាត់ឲ្យបានឆាប់រហ័ស ជៀសវាងមានជនខិលខូច មករំលោភយកដីរបស់ពួកគាត់ ជាបន្តបន្ទាប់ទៀត៕