(ពោធិ៍សាត់)៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ បានជំរុញឲ្យបណ្តាញ សមាគមនារីថ្នាក់ស្រុក ឃុំ ភូមិ បន្តបង្កើនសមត្ថភាព ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ដោយហេតុថា នារីគឺជាឆ្អឹងខ្នង សេដ្ឋកិច្ចសង្គម ដ៏សំខាន់មិនអាចខ្វះបាន និងជាកម្លាំងចលករឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
ការជំរុញនេះ ធ្វើឡើងនៅស្នាក់ការគណបក្សស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាអចិន្ត្រៃយ៍ នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសការ ក្នុងនាមជាអធិបតីក្នុងពិធីប្រកាស និងទទួលស្គាល់សមាសភាពបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់ភូមិ លើ៥៧ភូមិ ក្នុង៧ឃុំ ទូទាំងស្រុកភ្នំក្រវាញ ចំនួន២២១រូប ដោយបានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ អាជ្ញាធរស្រុក និងសមាជិកាសមាគមនារីខេត្តស្រុកយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពីធីខាងលើ លោកស្រី ឯម ប៉ុណ្ណា និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកស្រ្តី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ ព្រមទាំងបានគាំទ្រជួយជាជំនួយទាំងសម្ភារៈ ស្មារតី ក្នុងន័យលើកកម្ពស់តួនាទីស្រ្តីឲ្យកាន់តែមានតម្លៃ។
លោកស្រីបានបន្តថា «ដោយយល់ឃើញថា ស្រ្តីជាត្បូងពេជ្រដ៏មានតម្លៃ និងកំពុងត្រូវបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមជាតិនេះហើយ បានជាកន្លងមកសម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តែងតែផ្តល់នូវកម្លាំង ស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីខ្មែរ និងគ្រួសារខ្មែរ គ្រប់បណ្តាក្រសួង មន្ទីរ អង្គភាព ឲ្យមានតម្លៃ និងមានលទ្ធភាព បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព»។
លោកស្រី ឯម ប៉ុណ្ណា និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ក៏បានអំពាវនាវឲ្យបងប្អូននារីទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថា នៅសល់៣៣ទៀតទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ។
សូមបញ្ជាក់ថា នេះជាស្រុកទី៤ហើយ ដែលសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំប្រកាសទទួលស្គាល់ជាផ្លូវការ នូវសមាសភាពបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់ភូមិថ្នាក់ឃុំ សរុបចំនួន១០៧៩រូប ហើយនឹងបន្តប្រកាសទទួលស្គាល់ ២ស្រុក/ក្រុងទៀត រួមមានស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ក្នុងគោលបំណងធ្វើឲ្យនារីនៅមូលដ្ឋាន បានយល់ដឹងអំពីសិទ្ធិ និងតួនាទីភារកិច្ចរបស់ខ្លួនក្នុងសង្គម ដើម្បីឈានទៅលុបបំបាត់ចោល នូវទស្សនៈកាលមើលស្រាល ខ្វះជំនឿជឿជាក់ខ្លួនឯង បន្តខិតខំបង្កើនសមត្ថភាព និងយកអស់នូវកម្លាំងកាយចិត្ត ក្នុងការរួមចំណែកឲ្យបានទូលំទូលាយ ដើម្បីឈានទៅសម្រេចផែនការទាំងឡាយ ស្របតាមគោលការរបស់អាជ្ញាធរដែនដី ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងពិធីប្រកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកសមាជិកាដែលចូលរួមជាង២០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ដែលជាអំណោយផ្ទាល់របស់ លោក ម៉ៅ ធនិន និងលោកស្រីផងដែរ៕