(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសជាផ្លូវការថា ចំពោះការស្នើសុំរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជុំវិញការសុំការកសាងផ្លូវបេតុងឲ្យបានជុំវិញតំបន់កោះដាច់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាផ្តល់ជូន ហើយហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតវាត្រូវតែជួសជុលឡើងវិញ។
អភិបាលខណ្ឌជ្រោយចង្វា បានស្នើសុំឲ្យលោកប៉ា សុជាតិវង្ស ជួយកសាងផ្លូវបេតុងជាង៥ គីឡូម៉ែត្រ រួមនិងការបំពាក់គ្រឿងបរិក្ខារ កុំព្យូទ័រ និងវិទ្យុទាក់ទង ដើម្បីបំពាក់ឲ្យ សង្កាត់កោះដាច់។ ការថ្លែងរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងនៅក្នុង បើកសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សង្កាត់កោះដាច់ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «យើងនៅមានគម្រោងស្ថាបនា ស្ពានឆ្លងកាត់ទន្លេជាច្រើន កន្លែងទៀត ដូចជា៖ ស្ពានឆ្លងកាត់ពី ជ្រោយចង្វារ មកកោះដាច់ ពីកោះដាច់ទៅអរិយក្សត្រ ហើយពីអរិយក្រត្រទៅផ្លូវជាតិលេខ១ ដែលជាផ្លូវខ្សែក្រវ៉ាត់ រាជធានីភ្នំពេញ ជាមួយផ្លូវថ្មីៗជាច្រើនខ្សែទៀតផងដែរ ក្រោយពីស្ពានដែលជាខ្សែក្រវ៉ាត់ទី៤ ព្រែកសំរោង»។
រាជរដ្ឋាភិបាលគ្រោងស្ថាបនាគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ពីតំបន់ជ្រោយចង្វារ ភ្ជាប់ទៅតំបន់កោះដាច់ អរិយក្សត្រ និងភ្ជាប់ទៅ ផ្លូវជាតិលេខ១ ដើម្បីបង្កើនភាពងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យកាន់តែប្រសើរ ដោយមិនប្រឈមគ្រោះថ្នាក់ពេលឆ្លងទូកដរទៀតឡើយ។
អភិបាលរាជធានី បានបញ្ជាក់ថា «គម្រោងផ្លូវក្រវ៉ាត់ក្រុងភាគខាងកើតនេះ នឹងជួយកាត់បន្ថយបញ្ហាចរាចរណ៍មួយផ្នែកធំ ចូលទៅក្នុងទីក្រុងដោយឆ្ពោះទៅផ្លូវជាលេខ១ ហើយគម្រោងនេះ គឺបានដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ក្នុងតំបន់កោះដាច់បានយ៉ាងច្រើន ខណៈដែលបច្ចុប្បន្នប្រជាពលរដ្ឋក្នុងតំបន់នេះ ត្រូវប្រើមធ្យោបាយឆ្លងទូកដរ ដើម្បីធ្វើដំណើរពីត្រើយម្ខាងទៅត្រើយម្ខាងទៀត»។
បន្ថែមពីលើនេះលោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា អាជ្ញាធរនឹងប្តេជ្ញាអនុវត្តគម្រោងនេះឲ្យបាន ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ហើយដើម្បីឲ្យតំបន់នេះ កាន់តែមានការអភិវឌ្ឍន៍ ដោយសារតែតំបន់កោះដាច់ ជាតំបន់ទាក់ទាញទេសចរណ៍មួយប្រចាំរាជធានីភ្នំពេញ។
លោកស្រី តែម វណ្ណា ជាប្រជាពលរដ្ឋក្នុងតំបន់កោះដាច់ បានស្វាគមន៍ចំពោះគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេគង្គ ពីតំបន់ជ្រោយចង្វារ ឆ្ពោះមកតំបន់កោះដាច់នេះថា នឹងធ្វើឲ្យជីវភាពរបស់ពួកគាត់ កាន់តែមានការរីកចំរើន តាមរយៈមានស្ពានឆ្លងកាត់ធ្វើដំណើរបានលឿន និងកាត់បន្ថយការចំណាយសេវាជិះទូកដរជាដើម។
អ្នកស្រីបានអំពាវនាវ ឲ្យរាជរដ្ឋាភិបាល អនុវត្តគម្រោងស្ថាបនានេះឲ្យបានកាត់តែឆាប់គឺកាន់តែល្អ ហើយនឹងបានប្រែក្លាយតំបន់នេះកាន់តែមានការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ការប្រកាសរបស់អភិបាលរាជធានីភ្នំពេញពីគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងភាគខាងកើតនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញស្ថាបនាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤រួចរាល់ ពីផ្លូវជាតិលេខ៥តាមផ្លូវកប់ស្រូវឆ្ពោះទៅស្ពានព្រែកសំរោងក្រុងតាខ្មៅ ហើយឆ្ពោះទៅផ្លូវជាតិលេខ១។
លោក ប៉ា សុជាតិវង្ស បានកត់សំគាល់ឃើញថា ក្នុងសង្កាត់ជ្រោយចង្វានេះ មានការរីកចំរើនយ៉ាងខ្លាំង ក្រោយពីសង្កាត់នេះ បានកាត់ចូលមករាជធានីភ្នំពេញ ដោយយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវថ្នល់ និងមានមណ្ឌលសុខភាព ជាដើម បើទោះបីសេវាសុខាភិបាលនេះ មិនទាន់បានល្អប្រសើរយ៉ាងណាក្តី ហើយជាក់ស្តែង សម្រាប់ពេលនេះ យើងបានកសាង បាននៅអគាររដ្ឋបាលសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ ថែមទៀត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបំរើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ស្របពេល ដែលរាជរដ្ឋាភិបាល បានដាក់ចេញជាគោលការណ៍ ឲ្យមានការបំរើសេវានេះ នៅគៀកកិតជាមួយប្រជាពលរដ្ឋ៕