(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ ទៅចុះជួយជួសជុលផ្ទះរបស់លោកតា លោកយាយ២នាក់ ដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រគ្មានទីពឹង ស្ថិតនៅចំណុចស្ពានយោល ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ។
លោកតា លោកយាយ ដែលទទួលបានការជួយជុលផ្ទះ ពីលោកអភិបាលស្រុកមណ្ឌលសីមា ខាងលើនេះ ឈ្មោះ លោកតា ប៉ែវ គឹម អាយុ៨៧ឆ្នាំ និងលោកយាយ ម៉ាន សាមឿន អាយុ៧០ឆ្នាំ ដោយរស់នៅសព្វថ្ងៃអាស្រ័យទៅលើដីអ្នកជិតខាង គ្មានអ្នកទីពឹងនិងគ្មានដីរស់នៅនោះទេ ។
លោកតា ប៉ែវ គឹម បាននិយាយទាំងទឹកភ្នែករលីងរលោងថា ដំណើរជីវិតរបស់គាត់ គឺគាត់ចូលធ្វើយោធាតាំងពីឆ្នាំ១៩៥២ ដើម្បីការពារទឹកដី រហូតដល់ប្រទេសមានសន្ដិភាព ហើយអស់លោកលំដាប់ផ្កាយរាល់ថ្ងៃខ្លះ ជាកូនទាហានរបស់គាត់ ហើយគាត់នៅចាំឈ្មោះ លោក ប៉ុល សារឿន ច្បាស់ជាងគេ ដែលលោកជាកូនទាហានគាត់កាលពីជំនាន់សង្គ្រាម។
លោកតា បានបន្ថែមទៀតថា តែមកដល់ដំណាល់កាលនេះ គាត់គ្មានអ្វីទីពឹងទេ មាន២នាក់យាយតា គ្មានផ្ទះសំបែងរស់នៅ គ្មានទីពឹងរស់នៅលើដី អ្នកជិតខាងឲ្យស្នាក់នៅជញ្ជាំងបាំងតង់ជុំវិញជម្រកប៉ុណ្ណោះ តែថ្ងៃទី៣០ ខែមេសានេះ លោកតា លោកយាយ មានក្តីសោមនស្សរីករាយដោយលោក អភិបាលស្រុក ចុះជួយជួសផ្ទះឲ្យគាត់រស់នៅបន្តទៀត ដោយបានបាំងសង្ក័សី ឲ្យគាត់ជុំវិញ ហើយបានផ្តល់នៅអង្ករ និងថវិកាមួយចំនួនផងដែរ។
លោក ហាក់ ឡេង អភិបាលស្រុក បានបញ្ជាក់ថា ឲ្យតែលោកបានទទួលព័ត៌មាន ពីការទុក្ខលំបាកពីប្រជាពលរដ្ឋ លោក និងក្រុមការងារ ចុះទៅដល់ទីនោះភ្លាម ដោយមិនប្រកាននិន្នាការ នយោបាយគណបក្សណាឡើយ ព្រោះនេះជាតួនាទីរបស់អាជ្ញាធរដែនដី។
លោកបានបន្តថា ហើយថ្ងៃនេះ ក្រោយពីទទួលព័ត៌មានពីការរស់នៅរបស់លោកតា លោកយាយខាងលើ លោកបានដឹកនាំក្រុមការងារ ព្រមទាំងដឹកសម្ភារ ដើម្បីជួសជុសផ្ទះឲ្យពួកគាត់៕