(ព្រៃវែង)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ បានយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រចំនួន ៤៨៥គ្រួសារ នៅក្នុងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នៅឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វា វាំង វរវៀងជ័យអធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងនាយម៉ឺនសព្វមុខ មន្ត្រី នៃក្រសួងព្រះបរមរាជវាំង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់នៃខេត្តព្រៃវែងផងដែរ។
នៅក្នុងឱកាសនោះ ព្រះមហាក្សត្រ បានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្ត្រជាកូន ជាចៅរបស់ ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្ត្រជាកសិករ ដោយមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំ សាកសួរសុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តច យាយទួតជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និង ការលំបាកក៏ដូចជា ជីវភាពរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
ទន្ទឹមនេះព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រ សព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឲ្យប្រទេសជាតិមានការ អភិវឌ្ឍលើគ្រប់វិស័យ និងបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលបានការកោតសរសើរ ពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ និងថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ដែលបានដឹកនាំខេត្តឲ្យមានសន្តិសុខល្អ មានសុវត្ថិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ នៅក្នុងខេត្តផងដែរ ជាពិសេសបានកាត់បន្ថយនូវភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងខេត្តផងដែរ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រមុខដឹកនាំ តែងតែបានចាត់ វិធានការបានក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ដែលបានធ្វើឲ្យព្រះរាជហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យ របស់សម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅក្រៃលែង ។
ព្រះរាជអំណោយដែលបានចែកជូនប្រជារាស្ត្រ នៅឱកាសនោះចំនួន៤៨៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាមឃីត១ កញ្ចប់(មានមុង១ ភួយ១ សារុង១ និងក្រមា១)កន្ទេល១ មី១កេស ត្រីខ ចំនួន ១០ កំប៉ុង ស្បែកជើង ១គូ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល៕