(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថានហើយ ខណៈដែលមានកម្មករនិយោជិតជាង៧៤ម៉ឺននាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពានលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីអបអរដល់ខួបលើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៧នេះ។
លោក អ៊ិត សំហេង បានថ្លែងថា បានចុះបញ្ជីសហគ្រាស គ្រឹះស្ថានស្របតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារសរុបមានចំនួន ១១ ១៦៨ គ្រឹះស្ថាន និងមានកម្មករនិយោជិតចំនួនជាង ១,២លាននាក់ (ស្រីជាង៨៣ម៉ឺននាក់) ក្នុងនោះរោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១ ១០៧ គ្រឹះស្ថាន និងមានកម្មករនិយោជិតចំនួនជាង ៧៤ម៉ឺននាក់ (ស្រីជាង៦៤ម៉ឺននាក់) ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមប្រមាណជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែមដូចជាជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ២លាននាក់។
លោកបានបន្ថែមថា តម្លៃសរុបនៃការនាំចេញផលិតផលផ្នែកកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនខ្ពស់ជារៀងរាល់ឆ្នាំ ដោយឡែកឆ្នាំ២០១៦ មានចំនួនប្រមាណជាង៧,៣ពាន់លានដុល្លារអាមេរិក។
លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រៅពីការងារក្នុងស្រុកនៅឆ្នាំ២០១៦ មានពលករកម្ពុជាចំនួនប្រមាណជាង១,១៥លាននាក់ ដែលកំពុងបម្រើ ការងារនៅបរទេសហើយបាននាំប្រាក់ចំណូលមកក្នុងប្រទេសប្រមាណ ជាង១,៧ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ពលករទៅធ្វើការនៅក្រៅប្រទេសទទួលបានភាពអនុគ្រោះ ដោយមិនបាច់បង់ថ្លៃលើលិខិតធ្វើដំណើរ ទទួលបាននូវការគាំពារតាមផ្លូវច្បាប់ និងអន្តរាគមន៍ សង្គ្រោះនៅពេលមានហានិភ័យជាយថាហេតុ និងការយកចិត្តទុកដាក់ តាមរយៈការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ការរៀបចំពិធីផ្សេងៗ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល៕