(ភ្នំពេញ)៖ រដូវភ្លៀងធ្លាក់ជិតចូលមកដល់ កង្វល់ពលរដ្ឋទូទៅក៏ចាប់ផ្តើមកើតមាន ព្រោះតែពេលខ្លះពួកគាត់ត្រូវផ្អាកផលរបរ ពេលខ្លះខកខាន ឬយឺតយ៉ាវការងារ ដោយសារឧបសគ្គភ្លៀងធ្លាក់ ហើយរឹតតែពិបាក គឺក្រោយពេលរាំង ក្នុងតំបន់មួយចំនួន ត្រូវស្ទះលូ ស្ទះប្រឡាយ ធ្វើឲ្យទឹកលិចផ្លូវ រឹតតែបង្កឧបសគ្គថែមមួយកម្រិតទៀត។
ដោយមានសំណូមពរ និងមនោសញ្ចេតនាផ្សាភ្ជាប់ របស់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ចុះជួយរៀបចំកាយប្រឡាយ ដាក់លូ រំដោះទឹក ជូនដល់ពលរដ្ឋទូទាំងសង្កាត់ព្រែកកំពឹសជាច្រើនកន្លែង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក បានឆ្លៀតពេលពីការបំពេញការងារ ចុះទៅពិនិត្យសកម្មភាពរបស់ក្រុមការងារ ជីកប្រឡាយ កាយផ្លូវ ដាក់លូ បង្ហូររំដោះទឹក ក្នុងភូមិស្រីស្នំ ដែលជាលទ្ធផលសម្រេចបានប្រហែល៨០ភាគរយ ហើយក្រោយពេលបញ្ចប់ការងារក្នុងភូមិស្រីស្នំ នឹងបន្តសកម្មភាពនេះ ទៅកាន់ភូមិផ្សេងៗទៀត ក្នុងសង្កាត់ព្រែកកំពឹសទាំងមូល ឲ្យបានរួចរាល់មុនពេលរដូវភ្លៀងមកដល់ សម្រាប់ជួយជាប្រយោជន៍ដល់សហគមន៍ ស្របតាមតម្រូវការជាក់ស្តែង និងភាពចាំបាច់របស់ប្រជាពលរដ្ឋពិតៗ។
ឆ្លៀតក្នុងឱកាស ចុះពិនិត្យសកម្មភាពក្រុមការងារផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ហើយពួកគាត់ម្នាក់ៗ បានសម្តែងការត្រេតអរ និងសាទរចំពោះការយកចិត្តទុកដាក់ របស់លោក ជាមួយប្រជាពលរដ្ឋ ជាមួយកូនៗ តូចៗរបស់ពួកគាត់ និងចាស់ព្រឹទ្ធាចារ ជរា ពិកា ក្នុងភូមិពួកគាត់ ប្រកបដោយកាយវិកាឱនលំទោន ស្និតស្នាល និងកក់ក្តៅ។
ក្នុងនោះ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ រូបនេះ បាននាំយកការ៉េម១,០០០ដើម នំប៉័ង៨០០ដើម ទៅចែកជូន និងបរិភោគជាមួយប្រជាពលរដ្ឋ ទាំងក្មេងទាំងចាស់ ក្នុងបរិយាកាស ញញឹម ញញែម សប្បាយរីករាយ។ លោកក៏បាននាំយករទេះរុញ ជូនដល់ជនពិកាពីរនាក់ ក្នុងភូមិស្រីស្នំនេះ សម្រាប់ជាមធ្យោបាយ ដល់គាត់ងាយស្រួលធ្វើការបំលាស់ទី ហើយសន្យាផ្តល់រទេះរុញ ជូនដល់ជនពិកាផ្សេងៗទៀត ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស និងសន្យាជួយសម្រួល និងជូនទៅមន្ទីរពេទ្យគ្រប់អ្នកជំងឺ ដែលខ្វះលទ្ធភាពជួបការលំបាក។
ឆ្លើយតបនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ឯក បានធានាចំណាយលើសោហ៊ុយព្យាបាល ព្រមទាំងសន្យាជួយឧបត្ថម្ភជីវភាពប្រចាំ ខែជូនដល់គ្រួសារទីទាល់ក្រទុរគត៌ តាមស្ថានភាពជាក់ស្តែង ដូចដែលលោកធ្លាប់បានធ្វើ នៅខេត្តបន្ទាយមានជ័យ ហើយតាំងពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន លោកបានជួយឧបត្ថម្ភជីវភាពដល់គ្រួសារ ទុរគត៌ជន ជរា ពិកា ជារៀងរាល់ខែមិនដែលខកខាន នូវអង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចំនួន១១គ្រួសារ ជាប់ជាប្រចាំផងដែរ៕