(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចៅសង្កាត់កុំតាំងខ្លួនធ្វើជាម៉ែឪរបស់ប្រជាពលរដ្ឋ ហើយត្រូវកែប្រែក្លាយទង្វើទាំងនេះ មកជាអ្នកផ្តល់ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាជន ហើយត្រូវមានមុខ នៅពេលប្រជាពលរដ្ឋមកទទួលសេវារដ្ឋបាល និងត្រូវផ្តល់ជូនប្រជាពលរដ្ឋលើ២៤ម៉ោង។
ថ្លែងបែបនេះ របស់លោក ប៉ា សុជាតិវង្ស ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជា អធិបតីសម្ពោធទីស្នាក់ការ រដ្ឋបាល សង្កាត់ ប៉ុស្តិ៍រដ្ឋបាលកោះដាច់ និងផ្លូវបេតុង២ខ្សែ។ ពិធីនេះ ក៏មានការចូលរួម ពីអភិបាលរងក្រុង អភិបាលខណ្ឌ អភិបាលរង ខណ្ឌជ្រោយ ព្រមទាំងថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ សាលាខណ្ឌជ្រោយ និងមន្ដ្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត។
នៅក្នុងឱកាសនេះ អភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ពីការរីកចម្រើនយ៉ាង ច្រើននៅក្នុងភូមិសាស្ដ្រខណ្ឌជ្រោយ ដូចជាការកសាងប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ដែលនេះបានមកពីការខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំសាលា រាជធានីភ្នំពេញ ក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
យោងតាមរបាយការណ៍របស់អភិបាលខណ្ឌជ្រោយ បានបន្ដថា ដោយមើលឃើញ ទីស្នាក់ការសង្កាត់ក្បាលកោះ និងប៉ុស្តិ៍រដ្ឋបាលកោះដាច់ មានភាពទ្រុឌទ្រោម និងផ្លូវដីមួយចំនួន ទើបលោក ក្នុងនាមជាថ្នាក់ដឹកនាំខណ្ឌ បានស្នើសុំ សាលារាជធានីភ្នំពេញ កសាងនូវអគាររដ្ឋបាលនេះឡើង ដើម្បីបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ព្រមទាំងកសាងផ្លូវដីជាផ្លូវបេតុង ក្នុងការសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីផ្សារក្នុងរាជធានី។ លោក ឃ្លាំង ហួត បញ្ជាក់ថា អគាររដ្ឋបាលសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលកោះដាច់នេះ សាងសង់ជាបេតុងអាមេ កាលពីឆ្នាំ២០១៥ មានកំពស់ ២ជាន់ ទទឹង ១៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ ។ ដោយឡែកផ្លូវបេតុង ២ខ្សែ មានប្រវែងជាង១១០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ។
ជាមួយគ្នានោះ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកឡើង ពីការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យកំណើន ជីវភាពរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ លោកសង្កត់ធ្ងន់ថា «សមត្ថកិច្ចនគរបាលត្រូវមានមុខ នៅស្នាក់ការ ដើម្បីបម្រើផ្នែករដ្ឋបាលជូនប្រជាពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោងលើកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកិច្ចការងារនេះ មិនមែនជាកិច្ចការងារសម្រាប់តែការងារកងកម្លំាងនោះទេ តែវាជាភារកិច្ច សម្រាប់យើងទាំងអស់គ្នារួម នឹងប្រជាពលរដ្ឋផងដែរ។ បើគ្មានប្រជាពលរដ្ឋចូលរួមទេកិច្ច ការងារទាំងនោះមិនបានសម្រេចជាផ្លែផ្កាដែរ។ ដូច្នេះអ្វីដែលយើង ត្រូវតែធ្វើជាប្រចាំនោះគឺ ប្រជុំបើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ មានតែប្រជាពលរដ្ឋទេ ដែលដឹងរឿងច្រើន ហើយយើងក៏បាន ដឹងអំពីបំណង និងការចង់បាន របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងផងដែរ»។
លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ដ្រីទាំងអស់ ត្រូវចូលរួមថែរក្សានិងខិតខំបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ មូលដ្ឋានជៀសវាងធ្វើឲ្យពួកគាត់មានការ ថ្នាំងថ្នាក់ ចំពោះអាជ្ញាធរនិងសមត្ថកិច្ច។
ក្នុងឱកាសនោះ លោកអភិបាលរាជធានី បានផ្តល់ជូននូវកុំព្យូទ័រ ២កំប្លេរ សម្រាប់រដ្ឋបាលសង្កាត់១ឈុត និងប៉ុស្តិ៍រដ្ឋបាលកោះដាច់ ១ឈុត ហើយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ លោក ប៉ា សុជាតិវង្ស ក៏បានផ្តល់ជូននូវផ្លូវបេតុង ប្រវែងជាង៥គឡូម៉ែត្រ ដើម្បីបញ្ចប់ផ្លូវដីក្នុងមូលដ្ឋានជុំវិញសង្កាត់កោះដាច់នេះតែម្ដង៕