(កំពង់ចាម)៖ ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ រួមជាមួយ លោក គួច ចំរើន អគ្គនាយករងរដ្ឋបាលស៊ីវិល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បាននាំយកអំណោយ និងថវិកាមួយចំនួន ផ្តល់ជូនពលរដ្ឋនៅភូមិបឹងទីង ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានលើកឡើងអំពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយសម្រេចបានសមិទ្ធិផលធំៗជា ប្រវត្តិសាស្រ្ត គឺបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាស កសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាកបៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
ជាមួយគា្ននោះ លោកឧកញ៉ា ឡូវ ហ៊ឹង បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងជំរុញឲ្យមន្រ្តីរាជការទាំងអស់ ធ្វើការងារយ៉ាងជិតសិទ្ធ ជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារមួយចំនួន មានភាពជឿនលឿនទៅមុខ និងជៀសវាងការប្រគល់ភារៈកិច្ច ទៅឲ្យថ្នាក់ក្រោមធ្វើការអនុវត្តខុស ដែលជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋ វាយតម្លៃខុសទៅលើរាជរដ្ឋាភិបាល។
ទីប្រឹក្សានាយរដ្ឋមន្ដ្រីរូបនេះ បន្ថែមថា សូមប្រធានក្រុមប្រឹក្សាឃុំត្រូវរៀបចំ ការប្រជុំប្រចាំខែដោយផ្តោតទៅលើ ប្រជាជនក្រីក្រ ត្រូវធានាឲ្យបានថា មិនឲ្យប្រជាជនណាលំបាក ឬដាច់បាយស្លាប់ក្នុងភូមិរបស់ខ្លួន ហើយក្រុមប្រឹក្សាឃុំ ត្រូវចុះដល់គ្រួសារក្រីក្រ ដែលមានភាពលំបាក នៅតាមភូមិនីមួយៗ ដូចជាចូលរួមបុណ្យសព អាពាហ៍ពិពាហ៍ ជួយដោះស្រាយការលំបាក របស់ពលរដ្ឋដែលបានជួបប្រទះ ដោយគ្រោះថ្នាក់ដោយចៃដន្យ ត្រូវការសង្រ្គោះបន្ទាន់ ឬស្រ្តីឆ្លងទន្លេ។
ជាងនេះទៅទៀត ក្រុមប្រឹក្សាឃុំត្រូវមានទំនាក់ទំនងល្អជាមួយវត្តអារាម លះបង់អាប្បកិរិយាឆ្មើងឆ្មៃ លះបង់ការប្រកាន់ ឬកពារជាអ្នកធំ ដែលជាមូលហេតុធ្វើឲ្យប្រជាជន ការអាក់អន់ចិត្ត និងត្រូវបម្រើសេវាសាធារណជូនប្រជាពលរដ្ឋគ្រប់ពេល ដោយមិនរើសអើង ហើយសូមយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងត្រូវរក្សាឲ្យបាន នូវសាមគ្គីភាពដែលជាកត្តាកំណត់ នូវជោគជ័យនៅក្នុងការកសាងនិងអភិវឌ្ឍន៍ភូមិ-ឃុំ មានសុវត្ថិភាព។
ក្នុងឱកាសនោះ លោកឧកញ៉ា ឡូវ ហ៊ឹង បានផ្តល់អំណោយ ដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៧៥០គ្រួសារ រួមមាន សារុង០១ ថ្នាំពេទ្យ២កញ្ចប់ ប្រហុក០១គីឡូ និងថវិកាសម្រាប់រៀបចំកម្មវិធី ដោយឡែក លោក គួច ចំរើន បានឧបត្ថម្ភថវិកា១,០០០ដុល្លារ សម្រាប់ជួសជុលផ្លូវក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ផងដែរ៕