(ភ្នំពេញ)៖ តាមព័ត៌មានពីអាកាសយានដ្ឋានអន្តរជាតិមួយ នៅតំបន់អាស៊ី និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបនិ្តចនាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះថា ជនសង្ស័យ ជុន ច័ន្ទបុត្រ បានចាកចេញពីទីក្រុងបាងកកហើយ បានឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដោយមានការចុះចតនៅអាកាសយានដ្ឋានមួយកន្លែងនៅតំបន់អាស៊ី ហើយបន្តដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ជនសង្ស័យ ជុន ច័ន្ទបុត្រ នឹងមិនមកកាន់កម្ពុជា ដើម្បីឆ្លើយបំភ្លឺនៅតុលាការ ក្រុងភ្នំពេញនោះទេ។ ការចាកចេញរបស់ជនសង្ស័យ ជុន ច័ន្ទបុត្រ នេះត្រូវបានប្រភពច្បាស់ការណ៍ពីមន្រ្តីរបស់វិទ្យុអាស៊ីសេរីថា ខាងស្ថាប័នវិទ្យុអាស៊ីសេរី តម្រូវឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ គេចចេញពីច្បាប់កម្ពុជា។
យោងតាមការអះអាងខាងលើនេះបញ្ជាក់ថា អ្នកសារព័ត៌មានដែលទន្ទឹងរង់ចាំការវិលមកវិញរបស់ជនសង្ស័យ ជុន ច័ន្ទបុត្រ នៅព្រលានយន្តហោះ ក៏មិនបាច់អញ្ជើញទៅដែរ។
ជនសង្ស័យ ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៥៖០៤នាទី ដែលគ្រោងនឹងវិលមកវិញនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ ចូលបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ពាក់ព័ន្ធនឹងការបន្លំចូលពន្ធនាគារ៕