(ទីក្រុងម៉ានីល, ហ្វីលីពីន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានជំរុញឲ្យសមាជិកអាស៊ានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនពាក់ ព័ន្ធនិងសេដ្ឋកិច្ចដីជីដល។
លោករដ្ឋមន្រ្តីលើកឡើងដូច្នេះ ក្នុងឱកាសចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៤ ក្រោមប្រធានបទ «បង្កើនភាពជាដៃគូ វិបុលភាពជាមួយគ្នានៅក្នុងសេដ្ឋកិច្ចពិភពលោកថ្មីមួយ» រៀបចំឡើងដោយវិទ្យាស្ថានភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាស៊ាន (ASLI) ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ និងស្វែងរកដំណោះស្រាយសមស្រប សំដៅពន្លឿនការភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព នៅក្នុងសេណារីយ៉ូសកលលោកថ្មី ដែលបានធ្វើឡើងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ទើបបញ្ចប់ទៅនៅថ្ងៃម្សិលមិញនេះ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍសេវាកម្មតាមប្រព័ន្ធឌីជីថលសម្រាប់អាស៊ាន និងបានស្នើដល់អ្នកតាក់តែងគោលនយោបាយ ពិចារណាលើវិធានការមួយចំនួន ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្ត និងសន្តិសុខ នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានដូចជា៖ បន្តធ្វើបដិវត្តអ៊ិនធើណេត, ពន្លឿនការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ព្រមទាំងតភ្ជាប់ទីក្រុងនៅក្នុងតំបន់។
«នៅក្នុងឆ្នាំ ២០២៥ បដិវត្តឌីជីថល អាចនឹងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃនៅក្នុងតំបន់អាស៊ាន។ ការកើនឡើងនូវចំនួនប្រជាជនវ័យក្មេង ជាមួយទូរស័ព្ទវៃឆ្លាតយ៉ាងច្រើន បានផ្តល់ឱកាសសម្រាប់អាស៊ាន ក្នុងការបង្កើត និងអភិវឌ្ឍន៍សេវាកម្មឌីជីថលថ្មីៗ ជាពិសេសសវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
«សេដ្ឋកិច្ចឌីជីថល អាចមានអនុភាពខ្ពស់ ជាកម្លាំងចលករសម្រាប់ការធ្វើសមាហរណកម្ម ហើយនេះគឺជាហេតុផលសំខាន់ ដែលអាស៊ានគួរតែពិចារណាដាក់សេដ្ឋកិច្ចឌីជីថលជាគោលដៅអទិភាព»។ លោករដ្ឋមន្ត្រី បានបន្ថែម។
ដើម្បីចូលរួមនៅក្នុងបដិវត្តន៍សេដ្ឋកិច្ចឌីជីថល ក្រសួងពាណិជ្ជកម្ម កន្លងមកបានរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្នកំពុងត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី មុនពេលបញ្ជូនទៅកាន់រដ្ឋសភា និងព្រឹទ្ធសភា ធ្វើការអនុម័ត។
ច្បាប់នេះ នឹងធ្វើឲ្យមានភាពស្របច្បាប់ ព្រមទាំងជួយពង្រីកវិសាលភាពចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដោយគ្មានដែនកំណត់។
សម្រាប់វិស័យហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ដែលជាស្ថាប័នមានភាពច្នៃប្រឌិតខ្ពស់ កំពុងអនុវត្តន៍គោលនយោបាយបើកចំហរចំពោះសេវាកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដើម្បីប្រែក្លាយកម្ពុជា ទៅជាទីផ្សារហិរញ្ញវត្ថុឈានមុខគេនៅក្នុងតំបន់៕