(ស្វាយរៀង)៖ កម្លាំងនគរបាល ក្រុងបាវិត ខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅក្រុងបាវិត ដោយរឹបអូសបានថ្នាំញៀនសរុបជាង១៦គីឡូក្រាម។
មន្ដ្រីនគរបាលបានឲ្យដឹងថា ដើមឡើងកម្លាំងយោធាវៀតណាម បានចាប់ជនជាតិវៀតណាម២នាក់ នៅច្រទ្វាមុខបាយ ហើយដកហូតបានថ្នាំញៀន២គីឡូក្រាម។ ក្រោយឃាត់ខ្លួន យោធាវៀតណាម បានរាយការណ៍មក លោក កែវ គង់ អធិការនគរបាលក្រុងបាវិតថា ជនសង្ស័យបានស្នាក់នៅផ្ទះសំណាក់ «ថៃ អាង» បន្ទប់លេខ២។
ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ កឹង ឃន បានបញ្ជាក់ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍នេះ លោកអធិការបានដឹកនាំកម្លាំង ចុះឆែកឆេរផ្ទះសំណាក់ខាងលើ ស្រាប់តែរកឃើញថ្នាំញៀន ប្រភេទយ៉ាម៉ា៥០កញ្ចប់ ស្មើនិង១៦.៥០គីឡូក្រាម និងអត្តសញ្ញណប័ណ្ណវៀតណាម២សន្លឹក ហើយបើតាមការទៅអ្នកគ្រប់គ្រងផ្ទះសំណាក់នេះ ក្រុមជនសង្ស័យបានចេញផុតមុនសមត្ថកិច្ចទៅដល់ប្រហែលជា១ម៉ោងហើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនសង្ស័យមកផ្តន្ទទោតាមច្បាប់៕