(ទីក្រុងម៉ានីល, ហ្វីលីពីន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជាសម្រាប់អាស៊ាន បានថ្លែងទៅកាន់ប្រមុខរដ្ឋ និងតំណាងវិស័យឯកជននានាប្រមាណ ២០០នាក់ថា អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមាន ចំពោះបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ ជាពិសេសធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រជាជនអាស៊ាន និងនៅលើពិភពលោកភាគច្រើន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ ខណៈដែលលោក បានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចស្តីពី «អាស៊ាន ក្រោយ ៥០ឆ្នាំ» រៀបចំឡើងដោយវិទ្យាស្ថានភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាស៊ាន (ASLI) កាលពីរាត្រីថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
«ក្នុងនាមសមាជិកដែលមានភាពទទួលខុសត្រូវនៃប្រទេសក្នុងតំបន់ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការ សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រឹងប្រែងឆ្ពោះទៅសម្រេច «ចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥៖ ឈានទៅមុខជាមួយគ្នា» នៅលើវិថីសន្តិភាព, សន្តិសុខ, ស្ថិរភាព និងវិបុលភាពយូរអង្វែង សម្រាប់ប្រជាជាតិទាំងអស់ នៅក្នុងតំបន់»។ លោក បាន សូរស័ក្តិ បានអះអាងចំពោះមុខភ្ញៀវកិត្តិយស។
ទន្ទឹមគ្នានេះ ដើម្បីសម្រេចបានចក្ខុវិស័យរួមរបស់អាស៊ាន លោករដ្ឋមន្ត្រីក៏បានស្នើដល់ប្រមុខរដ្ឋនៃប្រទេសសមាជិកអាស៊ាន ផ្តោតយកចិត្តទុកដាក់ទៅលើរបៀបវារៈគន្លឹមួយចំនួនដូចជា ១) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន, ២) ធានាថែមទៀតនូវភាពធន តុល្យភាព និរន្តភាព និងការរីកចម្រើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នា, ៣) ជំរុញការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥, ៤) ពន្លឿនសេចក្តីសម្រេចចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និង ៥)បន្តជំរុញឧត្តមភាពអាស៊ាន នៅក្នុងកិច្ចសហការកម្រិតតំបន់ និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការដោះស្រយបញ្ហាកម្រិតតំបន់ និងពិភពលោក។
គួរំលឹកដែរថា កំឡុងពេលបីទស្សវត្សចុងក្រោយ អាស៊ានសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ ជាមួយសមិទ្ធផលជាច្រើន។ ចាប់ពីឆ្នាំ២០០៧ ដល់២០១៥ ផលិតផលក្នុងស្រុកសរុបរបស់អាស៊ានបានកើនឡើងទ្វេរដងចំនួន ២,៥ទ្រីលានដុល្លារអាមេរិក ខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់បានលើសពី ៨០% គឺស្មើនឹង ៤.០០០ដុល្លារអាមេរិក។ នៅចុងឆ្នាំ ២០១៥ អាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ច ដែលមានឥទ្ធិពលខ្លាំងជាងមុន ពោលគឺអាស៊ានបានក្លាយជាទីផ្សារធំលំដាប់ទី៣ នៅអាស៊ី និងទី៧ នៅលើពិភពលោក ដែលមានទំហំពាណិជ្ជកម្មធំលំដាប់ទី ៤ បន្ទាប់ពីប្រទេសចិន, អាលឺម៉ង់, និងសហរដ្ឋអាមេរិក៕