(ឧត្តរមានជ័យ)៖ រថយន្តកាមរីបាឡែនមួយគ្រឿង ដែលជាមធ្យោបាយរកស៊ីយ៉ាងគគ្រឹកគគ្រេងរបស់មេឈ្មួញវៀតណាមម្នាក់ ខណៈកំពុងដឹកឈើក្រញូងពេញ បានក្រឡាប់ធ្លាក់ពីលើផ្លូវចាក់ឈើចោលអស់ បង្កឲ្យម្ចាស់រថយន្តនេះខឹងសម្បារយ៉ាងខ្លាំង ក៏បញ្ជាឲ្យកូនចៅរបស់ខ្លួនដុតរថយន្តចោល តែបំណងចង់បំបាត់ភស្ដុតាងនេះមិនបានសម្រេចឡើយ ព្រោះត្រូវបានប្រជាពលរដ្ឋឃាត់ទាន់ពេល។
ហេតុការណ៍នេះកើតឡើង នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅជាប់ផ្លូវយុទ្ធសាស្រ្តព្រំដែន ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍រៀបរាប់ថា រថយន្តដឹកឈើខាងលើ បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច តាមដងផ្លួវគ្រួសក្រហម ស្រាប់មកដល់ផ្លូវបំបែកចូលភូមិ រថយន្តក៏ជ្រុលចង្កូត ក្រឡាប់ចូលទឹករណ្តៅអេស្ការកកាយធ្វើផ្លូវ ហើយភ្លាមៗនោះ ក៏មានមនុស្សពីរទៅបីនាក់ បើករថយន្តដឹកតៃកុងរថយន្តកាម៉ារី ចេញទៅបាត់។
មួយសន្ទុះក្រោយមក ក៏មានមនុស្សជាង១០នាក់ ជិះរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង និងរថយន្តកាម៉ារីមួយ ឆ្លាមមួយទៀត បានបើករថយន្តមក បំណងប្រុងដុតរថយន្តដឹកឈើគ្រញូងចោល តែត្រូវបានប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុឃាត់ទាន់ រួចហើយក៏បើករថយន្តចេញទៅបាត់។ ហើយក្រោយពីកើតហេតុ រថយន្ត និងវត្ថុតាងឈើគ្រញូង ត្រូវសមត្ថជំនាញរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅស្នាក់ការ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តកាមរីបាឡែន ដឹកឈើគ្រញូង ខាងលើជារបស់ថៅកែឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយម៉ាយ ជាជនជាតិវៀតណាម ដែលជាឈ្មួញរកស៊ីឈើគ្រញូង ដ៏សកម្មប្រចាំស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០១៧កន្លងទៅនេះក្រុមអ្នកកាសែតប្រចាំនៅខេត្តឧត្តរមានជ័យ ២ទៅ៣នាក់ ត្រូវបានកូនចៅថៅកែឈើគ្រញូងជនជាតិវៀតណាមរូបនេះដេញវាយព្រមទាំងវាយរថយន្តផងដែរ។
បន្ទាប់ពីក្រុមអ្នកកាសែតបាននាំគ្នាថតយករូបភាពស្តីពីសកម្មភាពជ្រៀកឈើគ្រញូង មួយនៅក្នុងចំការស្វាយចន្ទីមួយកន្លែង នៅភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយហេតុការណ៍កើតឡើងក្រុមអ្នកកាសែត ដែលរងគ្រោះដោយការប្ររមាថ ពីក្រុមឈ្មួញឈើគ្រញូង បានដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ តែរហូតមកដល់ពេលនេះ មិនទាន់ដឹងពីចំណាត់ការរបស់តុលាការនៅឡើយ ហើយរហូតមកដល់ថ្ងៃនេះផងដែរ យាយម៉ៃនៅតែបន្តដឹកឈើឈើក្រញូងដោយពុំខ្លាចញញើតដែរ នេះកុំតែរថយន្តក្រឡាប់ បើមិនដូច្នេះ យាយម៉ៃ នៅតែរួចខ្លួនដដែល៕