(តាកែវ)៖ នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពប្តីប្រពន្ធ ២នាក់ ដែលបានទទួលមរណភាពដោយខ្សែភ្លើងឆក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយដែលសព បានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ស្ថិតនៅភូមិអង្គចង្អេ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
ជាមួយទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ជាពិសេស ចំពោះកូនប្រុស-ស្រីទាំង ៥នាក់ ដែលត្រូវកំព្រាឪពុកម្ដាយពីពេលនេះតទៅ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។
នៅក្នុងពិធីបុណ្យសពនេះ កាកបាទក្រហមកម្ពុជា បានចូលបុណ្យនូវ ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥ កេស និងបច្ច័យចំនួន ១០លានរៀល។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្តីប្រពន្ធ ២នាក់ បានយកម៉ូទ័រដោតភ្លើងដើម្បីបូមទឹកចេញពីក្នុងផ្ទះ ក៏បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ទាំង ២នាក់ភ្លាមៗតែម្ដង ដោយបន្សល់ទុកកូនស្រីប្រុសចំនួន ៥នាក់ ឲ្យនៅកំព្រា៕